(ភ្នំពេញ)៖ ថ្ងៃនេះកាលពី៥៦ឆ្នាំមុន (១៧ ខែកក្កដា ឆ្នាំ១៩៦៥) យុវជនសង្វាន ត្រូវបានគេចាប់យកទៅបាញ់....ក្រោយហេតុការណ៍បាញ់មិនស្លាប់ សង្វានត្រូវរត់ទៅមុខ មិនមានឱកាសសូម្បីងាកក្រោយ រត់ផងភ័យផង កាត់ព្រៃកាត់បន្លាមុតរបួសសុះសាច់ រត់ឡើងភ្នំចូលព្រៃរហូតដល់មេឃងងឹត មកដល់ថ្ងៃនេះ គឺជាអនុស្សាវរីយ៍គម្រប់ខួបទី៥៦ឆ្នាំទៅហើយ (ថ្ងៃទី១៧ កក្កដា ១៩៦៥ - ១៧ កក្កដា ២០២១)។

បច្ចុប្បន្ននេះ យុវជនសង្វាន ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានស្គាល់ថា ជាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិកម្ពុជា បានឆ្លងកាត់ និងពុះពារជីវិតដ៏សែនស្រួចស្រាវដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។

គួររំឮកថា នាទសវត្សឆ្នាំ៦០ ក្នុងពេលដែលប្រទេសជាតិទើបទទួលបានឯករាជ្យពីបារាំង រាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម បានខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍន៍ទូទាំងប្រទេស ជាពិសេសទីក្រុងភ្នំពេញ ដោយឡែក តាចាតជាភូមិចុងកាត់មាត់ញកមួយ ដែលមានមេភូមិមេឃុំលួច ប្រើអំណាចជិះជាន់ប្រជាជនតាមអំពើចិត្ត។ សង្វាន ជាយុវជនមួយរស់នៅក្នុងនេះអ្នកភូមិ ភាគច្រើនរស់នៅក្នុងភាពអត្តខាត់ ហើយរដ្ឋអំណាចភូមិ-ឃុំ តែងតែកេងប្រវ័ញ្ច រឹបអូសស្រូវអង្ករ អ្នកស្រុកនិងរំលោភប្រពន្ធកូនអ្នកភូមិ។

គ្រួសារសង្វាន និងអ្នកភូមិផ្សេងទៀត ក៏ចៀសមិនផុតពីការជិះជាន់សិទ្ធិសេរីភាពនេះដែរ ដែលជាហេតុធ្វើឱ្យសង្វាន និងអ្នកភូមិកើតចិត្តគំនិតប្រឆាំង នឹងទង្វើជិះជាន់បែបនេះ។ មេភូមិ ហ្វឿង បានបញ្ជាឱ្យចាប់ប្អូនស្រីសង្វាន យកទៅជូនលោកកុម្មុយសៀប៉ូលិស (ស្នងការប៉ូលិស) បម្រើការសប្បាយក្នុងផ្លូវតណ្ហា។ រឿងនេះធ្វើឱ្យសង្វានខឹងជាខ្លាំង ហើយប្រឆាំងដាច់ខាតដើម្បីការពារប្អូនស្រីរបស់ខ្លួន។

អំពើអយុត្តិធម៌ទាំងអស់នោះហើយ ធ្វើឱ្យសង្វានជាគ្រូបង្រៀនវ័យក្មេង កើតចិត្តស្អប់ខ្ពើមការជិះជាន់ ហើយក្រោកឡើងប្រឆាំង។ ដោយគំនុំបុគ្គល និងការប្រើអំណាចក្រៅប្រព័ន្ធច្បាប់ អាជ្ញាធររដ្ឋអំណាចឃុំបានចាប់ខ្លួនសង្វាន យកទៅបាញ់សម្លាប់ ចោលនៅភ្នំកោះអណ្តែត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៦៥។ ចៃដន្យសង្វាន ត្រូវគេបាញ់មិនស្លាប់ ហើយព្យាយាមរត់គេចយ៉ាងប្រផិតប្រផើយចូលទៅលាក់ខ្លួនក្នុងព្រៃ។ ក្រោយហេតុការណ៍នេះមក សង្វានបានប្តូរឈ្មោះមកជា «ទៀ បាញ់»។

តាមរយៈទំព័រ Facebook នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានរំលឹកឡើងយ៉ាងដូច្នេះថា៖ «…ដើមកំណើតនៃឈ្មោះ «ទៀ បាញ់»..!!! ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រចងចាំមួយសម្រាប់រូបខ្ញុំ ជាខួប៥៦ឆ្នាំ នៃឈ្មោ៖ «ទៀ បាញ់» (១៧.៧.១៩៦៥ - ១៧.៧.២០២១) ជាថ្ងៃដែលខ្ញុំបានកើតឡើងវិញ ពីការត្រូវគេចាប់ចងយកទៅបាញ់សម្លាប់ តែជាភព្វសំណាង ទឹកដោះម្តាយថ្លៃ ...មានថ្ងៃកើតឡើងវិញនេះហើយ ទើបមានឈ្មោះ «ទៀ បាញ់» ដូចសព្វថ្ងៃនេះ។...ជីវិតនៅមានដង្ហើម តែងតែមានសេចក្ដីសង្ឃឹមជានិច្ច...!!!»

នៅថ្ងៃនេះ កម្ពុជាកំពុងតែទទួលបានសុខសន្តិភាព កម្ពុជាបានដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំ តាមបែបប្រជាធិបតេយ្យ ដោយសារតែកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយច្បាស់លាស់។ ប៉ុន្តែបើក្រឡេកថយក្រោយទៅ៥៦ឆ្នាំមុនវិញ ពោលគឺថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៦៥ គឺជាពេលវេលាមួយដែលចងចាំមិនភ្លេចរបស់ឥស្សរជនខ្មែរម្នាក់នោះ គឺសម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវបានក្រុមជីវពលចាប់យក ទៅបាញ់សម្លាប់ ក៏ប៉ុន្តែដោសារតតែជីវិតលោកថ្លៃ លោកក៏បានរួចផុតពីការចាប់យកទៅបាញ់សម្លាប់នេះ ហើយមានជោគវាសនាខ្ពស់ដូចសព្វថ្ងៃ។

នារសៀលថ្ងៃទី១៧ កក្កដា ឆ្នាំ១៩៦៥ នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ពិតជាពិបាកពន្យល់ ពិតជាពិបាកជឿនាពេលដែលយើងពុំបានឆ្លងកាត់រឿងរ៉ាវ នៃជីវិតរបស់មនុស្សជាច្រើនដែលជាបុព្វបុរស ដែលជាអ្នកដឹកនាំនឹងនាំប្រទេសជាតិយើងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកទល់ថ្ងៃនេះ។ វាហាក់ដូចជារឿងនិទានខ្លះ ជាការតាក់តែងនិពន្ធសាច់រឿងខ្សែភាពយន្តដ៏អស្ចារ្យរបស់ Hollywood ឬជាសុបិន្តដ៏កម្រនឹងបានជួបប្រទះ។ ប្រសិនបើយើងបានឃើញច្បាស់នូវដំណើរបត់បែនឆ្លងកាត់គ្រប់ឧបសគ្គខ្សែជីវិតរបស់ថ្នាក់ដឹកនាំរបស់យើងគ្រប់ៗគ្នា ដែលមានរហូតមកដល់ពេលនេះ។

ក្នុងចំណោមរឿងរ៉ាវព្រឹត្តិការណ៍ទាំងអស់ ដែលកត់ត្រាមិនចេះចប់ ក៏មានអព្ហូតហេតុ ឬក៏ភាពអស្ចារ្យមួយបានកើតឡើងនារសៀលភ្លៀងធ្លាក់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៦៥ នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា គីយុវជនម្នាក់ត្រូវបានគេចោមចាប់ចងដោយ មិនប្រាប់មូលហេតុ និងពុំអាចតវ៉ាបាន ដោយគ្មានតុលាការកាត់ក្តី និងត្រូវបានចាប់បណ្ដើរ ទៅប្រហារជីវិតក្រោមភ្លៀងផ្គរដោយគ្មានកំហុស មិនបានដឹងរឿងរ៉ាវ ហើយក៏គ្មានអ្នកណានឹងងើបឡើងដើម្បីតវ៉ាកើត គឺមានតែបណ្ដោយតាមវាសនា ហើយអ្វីដែលនៅសេសសល់តែមួយគត់នៅក្នុងក្ដីសង្ឃឹម គឺរំពឹងទៅលើទឹកដោះម្តាយថ្លៃ ប៉ុន្ដែក្ដីស្រម៉ៃ និងក្ដីសង្ឃឹម តែមួយនោះពិតជាសក្ដិសិទ្ធលើសពីអ្វីទាំងអស់។

នឹកគុណម៉ែដែលជាព្រះរស់ និងដែលបីបាច់ថែរក្សានឹកដល់គ្រួសារមានប្អូនស្រីដែលគេប៉ងធ្វើបាប…។ នៅក្នុងហោប៉ៅមានលុយតែប៉ុន្មានរៀល និងបំណងចុងក្រោយគឺយកទៅជូនម៉ែ ដោយរំពឹងថា នាពេលបន្តិចទៀតដឹងថាត្រូវគេបាញ់ប្រហារសម្លាប់។ ហួសពេលនឹងតក់ស្លុត ហួសពេលនឹងខ្លាចរអារនឹងធ្វើការបារម្ភក៏សម្លឹងចុងកាណុងនៅពីមុខហើយលឺស្នូរផាំងៗ។

ជីវិតយុវជនមួយរូបនេះ បានត្រូវរស់ឡើងវិញដោយពុំមានមូលហេតុណាមួយអាចបញ្ជាក់ឱ្យបានច្បាស់ពន្យល់ឱ្យបានអស់ ហើយក៏ពិបាកជឿ តែជារឿងពិតជាក់ស្តែងមិនអាចមើលរំលង និងបដិសេធកើតព្រោះយុវជននោះ កំពុងនៅទីនេះ ថ្ងៃនេះ គាត់គឺសម្តេចពិជ័យសេនា «ទៀ បាញ់»។

ក្រោយមកក្រុមរបស់ ទៀ បាញ់ បានចូលរួមរំដោះប្រទេសជាមួយរណសិរ្ស ២ធ្នូ ដែលមានសមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម និងសមមិត្ត ហ៊ុន សែន ជាអ្នកដឹកនាំរំដោះបានខេត្តកោះកុង និងកំពង់សោម ពីពួកខ្មែរក្រហម នៅថ្ងៃទី១៧ មករា ១៩៧៩៕