(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចេញមកព្រមានថា ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា នឹងប្រឈមការដើរហួសបន្ទាត់ក្រហម ប្រសិនបើបុគ្គលម្នាក់ៗនៅតែមិនយកចិត្តទុកដាក់ ទទួលខុសត្រូវរៀងៗខ្លួនក្នុងការការពារទេនោះ។

ការចេញមកព្រមានរបស់មន្ត្រីជំនាញសុខភាពសាធារណៈរូបនេះ ធ្វើឡើងក្រោយពីការរាតត្បាតជំងឺកូវីដ១៩ កំពុងតែមានសភាពយ៉ាងស្រួចស្រាវនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសមួយរយៈពេលចុងក្រោយនេះ ដែលអត្រាឆ្លងមានចំនួនជិតខ្ទង់ពាន់នាក់ជារៀងរាល់ថ្ងៃ។

សារបង្ហាញនូវក្តីបារម្ភអំពីការរីករាលដាលជំងឺកូវីដ១៩ ធ្វើឡើងតាមបណ្តាញទំនាក់ទំនងសង្គមនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដូច្នេះ «ខ្ញុំសុំអំពាវនាវ យេីងកំពុងតែប្រឈមទៅនឹងការដេីរហួសបន្ទាត់ក្រហម ប្រសិនបេីបុគ្គល និងគ្រួសារ នៅតែមិនយកចិត្តទុកដាក់ ទទួលខុសត្រូវរៀងៗខ្លួនក្នុងការការពារទេនោះ។ ខ្ញុំបានលេីកឡេីងនូវការបារម្ភ និងសុំឱ្យបងប្អូនយេីងងាកមករកការការពាររៀងៗខ្លួនឱ្យបានហ្មត់ចត់ឡេីងវិញ កុំបន្ធូរបន្ថយឱ្យសោះ។ បេីយេីងមិនចង់ឃេីញសោកនាដកម្មសុខភាពសាធារណ: ដែលវាអាចនឹងទៅហួសបន្ទាត់ក្រហមនោះទេ»

លោកស្រី ឱ វណ្ណឌីន ក៏បានរំលឹកឱ្យយកចិត្តទុកដាក់ខ្ពស់ទាំងមេរោគ «ដែលតា» និង «អាល់ហ្វា» ដោយត្រូវតែរួមគ្នាការពារព្រោះបច្ចុប្បន្ននេះ មេរោគ «អាល់ហ្វា» ក៏កំពុងតែចរាចរខ្លាំងក្លាទៅស្ទើរគ្រប់ខេត្ត-ក្រុងទៅហេីយ រីឯអ្នកស្លាប់ក៏មានជារៀងរាល់ថ្ងៃផងដែរ។

លោកស្រីបានគូសបញ្ជាក់ដូច្នេះ «ហេតុអ្វូីយេីងគិតតែពី [ដែលតា] ហេីយខ្វះការប្រុងប្រយ័ត្នបច្ចុប្បន្ននេះ សម្រាប់កាត់ផ្តាច់ចរាចរ [អាល់ហ្វា] ឬ វីរុសកូវីដ១៩។ ជារួមទោះជាប្រភេទអ្វីក៏ដោយ ក៏យេីងនៅតែមានផលប៉ះពាល់គ្រាន់តែតិច និងច្រេីន»

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា ការការពារកុំឱ្យឆ្លង ឬបេីឆ្លងហេីយ ត្រូវការពារកុំឱ្យឆ្លងបន្តទៅក្រុមគ្រួសារ និងអ្នកដទៃ ជាការចាំបាច់បំផុតក្នុងពេលនេះ។

«ត្រូវភ្ញាក់រលឹកឡេីង បុគ្គលម្នាក់ៗ ត្រូវរួមគ្នាទទួលខុសត្រូវក្នុងការការពារការចម្លងវីរុសកូវីដ១៩។ ទោះជាប្រភេទណាក៏ដោយ ដេីម្បីសុខភាពខ្លួន សុខភាពគ្រួសារ និងសហគមន៍មានសុវត្ថិភាព»។ នេះជាការអំពាវនាវបន្ថែមរបស់លោកស្រី ឱ វណ្ណឌីន។

សូមបញ្ជាក់ថា បើទោះបីជាមានការប្រឹងប្រែងទប់ស្កាត់ និងការពារយ៉ាងណាក្តី តែការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍នៅកម្ពុជា បានឆ្លងរីករាលដាលគួរឱ្យព្រួយបារម្ភ។ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៦,៣៣៦នាក់។ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៧,៩៥៥នាក់ និងស្លាប់សរុបចំនួន ១,០៧៦នាក់៕