(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលរួមទទួល​ទានអាហារ​រួមគ្នា ជាមួយនឹង លោក Li Keqiang នាយករដ្ឋ​មន្រ្តីចិន និងបណ្តាមេដឹក​នាំប្រទេស​តាមដង​ទន្លេមេគង្គ៤ផ្សេងទៀត។

នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានអះអាងថា «ពិធីលៀងសាយភោជន៍​កាលពីល្ងាចមិញនេះ​ គឺបានប្រព្រឹត្តិទៅដោយភាព​ស្និទ្ឋស្នាលបំផុត ដែលបានរឹតបន្តឹង​នូវចំណង​មិត្តភាព និងសហប្រតិបត្តិការកាន់​តែល្អរឹងមាំរវាង​ប្រមុខដឹកនាំ និងប្រជាជននៃ​ប្រទេសតាមដង​ទន្លេមេគង្គ និងសាធារណរដ្ឋ​ប្រជាមានិតចិន»

សម្តេចតេជោ បានលើកឡើងបន្ថែមថា «សព្វថ្ងៃនេះ កម្ពុជាយើងទទួលបានអ្នកវិនិយោគមកពីប្រទេសចិនច្រើនជាងគេ ហើយទន្ទឹម​នឹង​នោះ រដ្ឋាភិបាលប្រទេសចិនតែងតែ​យកចិត្តទុកដាក់ជានិច្ច​​ក្នុងការជួយជំរុញដល់ការអភិវឌ្ឍកម្ពុជា​ឱ្យកាន់តែឆាប់រីក​ចម្រើនលឿនទៅមុខ»

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួម ប្រជុំកំពូលមេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា (Sanya) និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅទីក្រុងបូអាវ (Bo Ao) នៅខេត្ត ហៃណាន ប្រទេសចិន រយៈពេល៣ថ្ងៃ ពីថ្ងៃទី២២ដល់២៤ ខែមីនា ឆ្នាំ២០១៦។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី១នេះ មានការចូលរួមដោយមេដឹកនាំប្រទេសជាប់ដងទន្លេមេគង្គទាំង៥ និងប្រទេស ដោយមានអនុម័តនូវឯកសារចំនួន៣រួមមាន៖
១- សេចក្តីថ្លែងការណ៍ទីក្រុងសានយ៉ា នៃកិច្ចប្រជុំកំពូល សហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១។
២- សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតកម្ម នៃបណ្តាប្រទេសមេគង្គ-ឡានឆាង។
៣- គម្រោងឆាប់ទទួលបានផលភ្លាមៗ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។

សម្តេចតេជោ ហ៊ុន សែន ក៏មានគម្រោងជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺឈាង និងឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាំរកា ឌីដ្វូរកូវីច ផងដែរ៕