(ភ្នំពេញ)៖ ក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកអំណោយ មនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការនី តាមបន្ទប់ផ្ទះជួលចំនួន១២០គ្រួសារ ដែលជាប់ធ្វើចត្តាឡីស័ក ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម រាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងថ្នាក់ដឹកនាំខណ្ឌមានជ័យ ជាពិសេសមានការនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ កម្មករ កម្មការនី គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។

ទន្ទឹមនឹងនេះ លោកប្រធានបានបន្តថា ប្រជាពលរដ្ឋ កម្មករ កម្មការិនីទាំង១២០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនាពេលនេះ សូមបន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កអោយបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់។

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្មករ កម្មការនី ទាំងអស់ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការ «៣ការពារ និង៣កុំ» ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងតែកើតមាននៅសហគមន៍នាពេលនេះ។ ម្យ៉ាងទៀតសូមកុំប្រមូលផ្តុំ ជួបជុំគ្នា ហើយប្រសិនបើគ្មានការចាំបាច់ទេ សូមបងប្អូនកុំចេញក្រៅផ្ទះឱ្យសោះដើម្បី ជៀសវាង ការរីករាលដាលឆ្លងកីវីដ១៩។

អំណោយមនុស្សធម៌ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១០គីឡូ, មី ១កេស, ត្រីខ ២កំប៉ុង, ទឹកសុទ្ធ ១យួរ, ទឹកស៊ីអីវ ២កំប៉ុង, ទឹកក្រូច ២កំប៉ុង, ម៉ាស ១ប្រអប់ ដើម្បីប្រើប្រាស់ និងសម្រួលដល់ជីវភាពប្រចាំថ្ងៃផងដែរ៕