(បន្ទាយមានជ័យ)៖ កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ សហការជាមួយកម្លាំងយោធាកងពលលេខ៥១ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៣នាក់ ដែលលួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់នៅចំណុចខាងមុខ BigC ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការដឹកនាំពីសំណាក់លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងសាគូ នៃវរសេនាតូចលេខ៩១១ និងលោកអនុសេនីយ៍ទោ ប៉ុក ដា នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងសាគូ នាយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

ភ្លាមៗក្រោយឃាត់ខ្លួនរួច កម្លាំងប៉ុស្តិ៍បឹងសាគូ បានបញ្ជូនពួកគាត់ទៅមណ្ឌលចត្តាឡីស័កវិទ្យាល័យនិមិត្តរួចហើយ ដើម្បីធ្វើចត្តាឡីស័កតាមវិធានសុខាភបាលឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ លោកអនុសេនីយ៍ទោ ប៉ុក ដា បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួនបំផុត៕