(កំពង់ចាម)៖ លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចាត់ឲ្យតំណាងយកទេយ្យទាន, គ្រឿងឧបភោគ បរិភោគ និងបច្ច័យប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស តាមបណ្តាវត្តទាំង១៣ នៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោក សោ សាវឿន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រែកកក់ ជាតំណាងរបស់លោក ហ៊ុន ណេង ជាអ្នកយកទេយ្យទានប្រគេនព្រះសង្ឃ ព្រមទាំងមានការចូលរួមពី សមាជិក នៃក្រុមការងារចុះជួយឃុំ និងក្រុមការងារគណបក្សមូលដ្ឋានឃុំផងដែរ។

លោក សោ សាវឿន បាននាំយកទៅនាឱកាសនោះ រួមមាន៖ ក្នុងមួយវត្តទទួលបាន ទៀន០១គូរ, អង្ករ ៥០គីឡូក្រាម, មី ០៤កេស, ទឹកត្រី ០៤យួរ, ទឹកស៉ីអ៉ីវ ០៤យួរ, ទឹកសុទ្ធ ០៤កេស, ទឹកក្រូច ០២កេស, ទឹកដោះគោ ២០កំប៉ុង, ស្ករស ០៤គីឡូក្រាម, តែ ០២គីឡូក្រាម, ស្លាដក់ ០១កញ្ចប់, ម៉ាស់ ២០០, ថ្នាំប៉ារ៉ា ១០បន្ទះ, បច្ច័យ ៤០០,០០០រៀល និងជូនលោកតា លោកយាយក្នុងម្នាក់ៗ ១០,០០០រៀល។

ជាមួយគ្នានោះ លោកក៏បានប្រគល់ជូនលោកមេឃុំ ចំនួន៧,៤៥០,០០០រៀល សម្រាប់រៀបចំអាហារជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ណេង ដែលកំពុងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងឃុំ។

បន្ទាប់មក លោក សោ សាវឿន និងសហការី បានបន្តដំណើរចុះពិនិត្យកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងឃុំព្រែកកក់ ចំនួនពីរកន្លែង ហើយក៏បាននាំយកថវិការបស់លោក ហ៊ុន ណេង ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ណេង ចំនួន១៧នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៤០,០០០រៀល និងកម្លាំងការពារគោលដៅចំនួន២៦នាក់ ក្នុងម្នាក់ៗចំនួន ២០,០០០រៀល៕