(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News លោក លឹម ជាវុត្ថា នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះថា សម្តេចបានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា ម៉ាស់ដែលផ្តល់ទៅវៀតណាមនេះ មានម៉ាស់ធម្មតាចំនួន ១លានម៉ាស់ និងម៉ាស់វេជ្ជសាស្ត្រចំនួន ១០ម៉ឺនម៉ាស់។ ក្រៅពីជួយឧបត្ថម្ភម៉ាស់ និងថវិកា សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយថវិកា និងម៉ាស់នេះ បង្ហាញនូវស្មារតីរួមសហការគ្នាក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ប្រទេសវៀតណាមបាននិងកំពុងរងការរាតត្បាតជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅទីក្រុងហូជីមិញ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វៀតណាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ខ្ទង់ពាន់ជារៀងរាល់ថ្ងៃ។ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាម មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៤,១៨៦នាក់ ស្លាប់ ២២៥នាក់។

សូមបញ្ជាក់ថា កម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាស់ទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងណេប៉ាល់ផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕