(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា រួមមាន គ្រឹះស្ថានអប់រំឯកជន អង្គការសមាគមអប់រំ និងក្រុមហ៊ុនបច្ចេកវិទ្យាបម្រើសេវាអប់រំទាំងអស់ បានផ្ញើសារគោរពថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានសម្រេចឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្តដល់កុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំ ដែលមានចំនួនសរុបប្រមាណ ២លាននាក់នាពេលខាងមុខនេះ។ នេះបើយោងតាម លិខិតថ្លែងអំណរគុណរបស់ សហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកនៃក្រុមហ៊ុន Westline Education Group បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ក្រោយពេលបានតាមដានស្តាប់ នូវសារសម្លេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យមានយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្តដល់កុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំ ដែលមានចំនួនសរុបប្រមាណ ២លាននាក់នាពេលខាងមុខនេះ សហព័ន្ធសេវាអប់រំនៅកម្ពុជា ពិតជាមានសេចក្តីរំភើបសោមនស្សក្រៃលែង»

ឧកញ៉ា ប៉ិច បូឡែន ដែលជាទីប្រឹក្សាក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ផងនោះ បន្តទៀតថា «តាងនាមថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជារួមមាន គ្រឹះស្ថានអប់រំឯកជន អង្គការសមាគមអប់រំ និងក្រុមហ៊ុនបច្ចេកវិទ្យាបម្រើសេវាអប់រំទាំងអស់ យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្រៃលែងឥតឧបមា ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលតែងតែសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ ប្រកបដោយបញ្ញាញាណវាងវៃ គំនិតច្នៃប្រឌិត និងគិតទៅដល់ឧត្តមប្រយោជន៍ប្រទេសជាតិ។ ការសម្រេចចិត្តជាយុទ្ធសាស្ត្រនេះ នឹងបង្កើនឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការគ្រឹះស្ថានមធ្យមសិក្សាឡើងវិញជាជំហានៗ នៅពេលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ រួចរាល់នាពេលខាងមុខ»

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា ព្រមទាំងបុគ្គលិកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនទាំងអស់ សូមបួងសួងទេវតាឆ្នាំថ្មី គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្កសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមសមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ «អរគុណ សន្តិភាព! អរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានកសាងសន្តិភាពជូនកម្ពុជា!»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បីបង្កើតភាពស៉ាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ៕