(បាត់ដំបង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនអ្នកព័ត៌មានម្នាក់​ពាក់ព័ន្ធអំពើញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋនៅលើបណ្តាញ​សង្គមហ្វេសប៊ុកជាបន្តបន្ទាប់។ ការឃាត់ខ្លួនអ្នកព័ត៌មានរូបនេះ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អ្នកព័ត៌មានដែលត្រូវបានឃាត់ខ្លួននេះ មានឈ្មោះ កៅ ពិសិដ្ឋ អាយុ ៣២ឆ្នាំ បម្រើការងារនៅគេហទំព័រព័ត៌មាន «សៀមរាប»។ បច្ចុប្បន្នមានទីលំនៅបច្ចុប្បន្នក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបូង បានឱ្យដឹងថា ការឃាត់ខ្លួនអ្នកព័ត៌មានរូបនេះធ្វើឡើងបន្ទាប់ពីគេបានបង្ហោះសារញុះញង់​នានាលើបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩ និងវ៉ាក់សាំងជាដើម។

ជាមួយការឃាត់ខ្លួនសមត្ថកិច្ចជំនាញដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទចំនួន ០៣គ្រឿង, រថយន្តម៉ាកកាំម៉ារី ឆ្នាំ ៨៩ពណ៌ស ០១គ្រឿង រួមទាំងបណ្ណ័ព័ត៌មានចំនួន ០១សន្លឹកផងដែរ។

ជនសង្ស័យ និងវត្ថុតាងរហូត ត្រូវបានឃាត់នៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕