(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល នៃសមាគមមិត្តភាព កម្ពុជា-ចិន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំពិធី ប្រគល់-ទទួលថ្នាំ Lianghua Qingwen Jiaonang ក្រោមអធិបតីភាពលោក ឯក សំអុល ប្រធានសមាគម ដោយមានការចូលរួមពីសមាជិក សមាជិកានៃគណៈកម្មាធិការប្រតិបត្តិ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង។

គោលបំណងនៃពិធីនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយទូលំទូលាយអំពី៖

ទី១៖ ការទទួលអំណោយជាថ្នាំ Lianghua Qingwen Jiaonang ចំនួន២៥កេសធំ ដែលជាទឹកព្រះទ័យមេត្តា សប្បុរសរបស់តេជគុណ យិន សុន ព្រះចៅអធិការវិហា ហុងហ្វា ទីក្រុងស៊ុនជិន ប្រទេសចិន អនុប្រធាន សមាគមព្រះពុទ្ធសាសនា ចិន និងជាឧត្តមប្រឹក្សា នៃសមាគមមិត្តភាព កម្ពុជា-ចិន ដែលព្រះអង្គតែងតែ ចូលរួមក្នុងការងារមនុស្សធម៌ រួមចំណែកដល់ការថែទាំសុខភាពបន្ទាន់ ផ្តោតលើប្រជាជន នៅកម្ពុជា។

និងទី២៖ ការប្រគល់ជូនលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នូវថ្នាំចំនួន១៥កេសធំ (៦០០០ប្រអប់) សម្រាប់ព្យាបាលជូនប្រជាជន ក្នុងខេត្តព្រៃវែង ដែលកំពុងជួបវិបត្តិសុខភាព បង្កឡើងដោយវីរុសកូវីដ-១៩។

ក្នុងឱកាសនេះផងដែរ សមាគមមិត្តភាព កម្ពុជា-ចិន ក៏បានទទួលអំណោយជាថវិកាឧបត្ថម្ភរបស់ លោកឧកញ៉ា ជឹម ឃាន អគ្គនាយកក្រុមហ៊ុនបុរី សែន សុខ និងរបស់លោកឧកញ៉ា ឡុច សារ៉េត អគ្គនាយកក្រុមហ៊ុន ឆាយណា កាងធៀ ស្ទីល ឯ.ក ដែលលោកទាំងពីរ គឺជាសមាជិកគណៈកម្មាធិការ ប្រតិបត្តិនៃសមាគមមិត្តភាព កម្ពុជា-ចិន ឧបត្ថម្ភថវិកាសម្រាប់ដំណើរការ និងការប្រព្រឹត្តទៅរបស់សមាគមមិត្តភាព កម្ពុជា-ចិន ចំនួន២០លានរៀល។

សមាគមមិត្តភាព កម្ពុជា-ចិន អាចបន្តនិរន្តរភាពរបស់ខ្លួន បានអាស្រ័យដោយអំណោយ របស់សប្បុរសជនក្នុងប្រទេស និងសប្បុរសជនចិន ក្នុងគោលដៅរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹង និងពង្រីកសហប្រតិបត្តិការ និងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន។

ក្នុងឱកាសនោះ លោក ជា សុមេធី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ អំពីការចូលរួមចែករំលែកក្ដីស្រឡាញ់ ការគាំទ្រ និងការឧបត្ថមថ្នាំព្យាបាលជំងឺកូវីដ-១៩នេះ ដែលជាការរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនាពេលនេះ៕