(បន្ទាយមានជ័យ)៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានចំនួន ១១,៨០៩នាក់ ត្រូវបានបិទបញ្ចប់ជាស្ថាពរហើយនៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រះនេត្រព្រះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា តាមរយៈរថយន្តចល័តរបស់យោធភូមិភាគទី៥ ដឹកនាំដោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់គោលដៅធ្វើចត្តាឡីស័ក ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ យោធភូមិភាគទី៥ បានបង្ហាញនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចាក់វ៉ាក់សាំងនៃបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ចំពោះកិច្ចប្រឹងប្រែងដោយមិនគិតពីការនឿយហត់ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីក្រុមការងារ និងមានការចូលរួមសហការល្អពីសំណាក់ប្រជាពលរដ្ឋ បានធ្វើឱ្យការងារចាក់វ៉ាក់សាំងនៅក្នុងស្រុកព្រះនេត្រព្រះនេះសម្រេចទៅបានលឿនមុនផែនការកំណត់ ហើយឈានដល់ការចាក់រួចរាល់ជាស្ថាពរនៅរសៀលថ្ងៃទី១៦ ខែកក្កដា។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ក្រុមការងារចាក់វ៉ាក់សាំងតាមរថយន្តចល័តយោធភូមិភាគទី៥ នេះ បានដំណើរការចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយបានចល័តទៅកៀកនឹងកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ ដោយផ្តល់ការងាយស្រួលសម្រាប់ប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង។

លោក សេង ធារិន បានអះអាងថា ការរៀបចំបែបនេះ គឺអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ បានបង្ហាញនូវសេចក្តីត្រតអរ រីករាយ និងរំភើបឥតឧបមា ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ ពួកគេក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងបានរកវ៉ាក់សាំងចាក់ជូនពួកគាត់ដោយឥតគិតថ្លៃ។

ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងនៅក្នុងស្រុកព្រះនេត្រព្រះ ក៏បានថ្លែងអំណរគុណអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងទាំងអស់ផងដែរ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានរួមគ្នាបំពេញបេសកកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ឱ្យទទួលបានជោគជ័យយ៉ាងល្អប្រសើរ៕