(កោះកុង)៖ អាជ្ញាធរស្រុកបូទុមសាគរ ខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩នៅឃុំថ្មស ត្រូវរួសរាន់មកចូលរួមពិនិត្យសំណាក តាមការកំណត់គ្រប់ៗគ្នា និងត្រូវធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ ដោយកុំទៅពាក់ព័ន្ធជាមួយអ្នកដទៃផ្សេងទៀត។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ករណីប្រជាពលរដ្ឋដែលមានរោគសញ្ញា ផ្តាសាយ ក្អក ហៀសំបោរ ឈឺបំពង់ក និងពិបាកដកដង្ហើម ឬមានសញ្ញាផ្សេងៗ ដែលមានការសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

រដ្ឋបាលស្រុក បានបញ្ជាក់ទៀតថា ដើម្បីឱ្យមានការចូលរួមពេញលេញ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងសុខសុវត្ថិភាពសង្គម រដ្ឋបាលស្រុក សូមចេញនូវវិធានការម៉ឺងងម៉ាត់ ដូចខាងក្រោម៖

*បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ត្រូវទៅពិនិត្យសំណាកដោយប្រើឧបករណ៍តេស្តរហ័ស (Rapid Test) ដែលបានរៀបចំនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង ១៤៖០០នាទីរសៀល មានចំនួន៣ទីតាំង ដូចមានតារាងកម្មវិធីជូនភ្ជាប់មកជាមួយ។

*ក្នុងករណីរកឃើញថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល មានចេតនាមិនចូលរួមសហការ ឬមានប័ណងគេចវេស និងមិនចូលរួមក្នុងការធ្វើតេស្តរកមេរោគកូវីដ១៩នោះ និងទទួលការពិន័យដូចខាងក្រោម៖

ទទួលការផាកពិន័យជាអន្តរការណ៍ ស្របតាមវិធានសុខាភិបាល និងវិធានការរដ្ឋបាលនានារបស់រដ្ឋបាលខេត្តជាធរមាន៕