(ព្រៃវែង)៖ ការធ្វើតេស្តរកមេរោគកូវីដ១៩ ទៅលើមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង បានចាប់ផ្ដើមនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងនោះបានរកឃើញមន្ត្រីនគរបាលម្នាក់ វិជ្ជមានជំងឺកូវីដ១៩។ នេះបើយោងតាមលោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង និងជាសមាជិកអ្នកនាំពាក្យសាលាខេត្តព្រៃវែងប្រាប់ភ្នាក់ងារ Fresh News។

លោក ញ៉ែម សៅគ្រី បានបន្តថា ថ្ងៃនេះមន្ត្រីជំនាញបាន ចាប់ផ្តើមដំណើរការធ្វើ Rapid test ទៅលើកងកម្លាំងនគរបាលទូទាំងខេត្ត នៅតាមក្រុង-ស្រុកទាំង១៣ ដើម្បីរកមេរោគកូវីដ១៩ ហើយការធ្វើតេស្តនេះដែរ បានរកឃើញមន្ត្រីនគរបាលម្នាក់ ឆ្លងជំងឺនេះផងដែរ។

នគរបាលខេត្តព្រៃវែង ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ នៃអគ្គស្នងការនគរបាលជាតិ ក៏ដូចជាលោកអភិបាលខេត្តព្រៃវែង មន្ទីរជំនាញ ដែលបានយកចិត្តទុកដាក់គិតគូរអំពីសុខមាលភាព និងសុខទុក្ខមន្ត្រីនគរបាលនៅទូទាំងខេត្ត ជាពិសេសបានយកចិត្តទុកដាក់ទៅលើស្ថានភាពកំពុងរីករាលដាល នៃជំងឺកូវីដ១៩ ហើយពិនិត្យ និងធ្វើតេស្តរកមេរោគកូវីដជូននគរបាលនៅទូទាំងខេត្តព្រៃវែង។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប២,៧៣៩នាក់ ជាសះស្បើយសរុបចំនួន១,៥៤៨នាក់ កំពុងសម្រាកព្យាបាលសរុបចំនួន១,១៥២នាក់ និងស្លាប់សរុប៣៩នាក់៕