(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) បានឧបត្ថម្ភសម្ភារការពារសុវត្ថិភាពពីជំងឺកូវីដ១៩ ជាច្រើនឈុតមានដូចជា សម្លៀកបំពាក់ការពារ ម៉ាស និងរបាំងមុខ ជូនដល់សាលាខណ្ឌកំបូល, ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រែកព្នៅ ដើម្បីការពារសុវត្ថិភាពរបស់ក្រុមគ្រូពេទ្យ និងក្រុមការងារនៅពេលចុះបំពេញបេសកកម្មផ្សេងៗ។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ខេ នីហ្ស៊ីហារ៉ា អគ្គនាយករង ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) និងវត្ដមាន លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល និងលោក ហោ វាសនា អភិបាលរងខណ្ឌ ទទួលបន្ទុកការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន មីនេបៀ (ខេមបូឌា) បានថ្លែងថា «យើងខ្ញុំសង្ឃឹមថាសម្ភារការពារសុវត្ថិភាពទាំងនេះ នឹងអាចជួយសម្រួលដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមគ្រូពេទ្យ និងក្រុមការងារបាន»។

ជាមួយគ្នានោះ លោកអភិបាលខណ្ឌ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន មីនេបៀ ដែលកន្លងមកតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការបង្កើនការងារជាច្រើនសម្រាប់កម្មករ កម្មការនី ដែលកំពុងបំពេញការងារក្នុងរោងចក្រនេះ ដែលជាចំណែកមួយនៃការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

លើសពីនោះ នៅថ្ងៃនេះបានឧបត្ថម្ភសម្ភារវេជ្ជសាស្ត្រ ដែលមានសម្លៀកបំពាក់ និងឧបករណ៍ពេទ្យមួយចំនួនទៀត ជូនដល់រដ្ឋបាលខណ្ឌ សម្រាប់ប្រើប្រាស់នៅទីបញ្ជាការស្រាល ដែលបង្កើតឡើងក្នុងគោលបំណងព្យាបាលអ្នកជំងឺកូវីដ-១៩ដែលមានស្ថានភាពស្រាលនៅតាមផ្ទះ៕