(ភ្នំពេញ)៖ ព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅខែកក្កដា ឆ្នាំ២០២១ ព្រះអង្គសព្វព្រះរាជហឫទ័យផ្ញើព្រះរាជលិខិតមួយច្បាប់ជូនលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត។

ព្រះរាជលិខិតនេះ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖

ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះលិខិតរបស់លោកចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដែលផ្ដល់ដំណឹងដល់ខ្ញុំថា មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលជំនួយទឹកប្រាក់សរុបចំនួន ៦លាន ៥សែនដុល្លារសហរដ្ឋអាមេរិក ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់គម្រោងថែទាំសុខភាព និងសេវាកម្មសង្គមសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំមានសេចក្ដីសោមនស្សរីករាយជាអនេក ដោយបានដឹងថាជំនួយនេះ ត្រូវបានបម្រុងទុកសម្រាប់ជួយដល់ប្រជាជនដែលមានវ័យជរា និងជនពិការដែលជាអ្នករស់រានមានជីវិត ពីរបបដ៏ជូរចត់នៃប្រវត្តិសាស្ត្រជាតិយើង។
ខ្ញុំសូមសម្ដែងនូវការអបអរសាទរ ចំពោះលោក ឆាំង យុ និងសូមជូនពរឲ្យលោកទទួលបានជោគជ័យពេញលេញ ក្នុងការអនុវត្តគម្រោងថ្មីនេះ។
សូមលោក ឆាំង យុ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ។

លោក ឆាំង យុ តំណាងឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា, បុគ្គលិកទាំងអស់ដែលធ្វើការនៅបណ្ណាល័យសម្តេចម៉ែ, បុគ្គលិកនៅតាមសាខាមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តនានា ព្រមទាំងអ្នកស្ម័គ្រចិត្តកម្ពុជា ៥០០នាក់ នៅតាមមូលដ្ឋានដាច់ស្រយាលទូទាំងប្រទេស សូមថ្វាយព្រះពរ និងអរព្រះគុណដល់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ព្រមទាំងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានគាំទ្រកិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា តាំងពីឆ្នាំ១៩៩៥ ជារៀងរហូតមក៕