(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការប្រកាសការចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ ដោយ លោក យ៉ុង គឹមហ៊ាន សមាជិកក្រុមប្រឹក្សាខេត្ត ត្រូវបានតែងតាំងជាអភិបាលរងខេត្ត ជំនួសលោក គោ ស៊ុំប៊ុនសឿត អតីតអភិបាលរងខេត្តព្រះវិហារ ដែលបានបញ្ចប់អាណត្តិ និងផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិនវិញ។

កិច្ចប្រជុំផ្សព្វផ្សាយប្រកាសពីការចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារនៅពេលនេះ ស្ថិតក្រោមវត្តមានលោកឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោកអភិបាល ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះលោក ប្រាក់ សុវណ្ណ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការនៅតាមមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក បានថ្លែងនូវការចូលរួមអបអរសារទរ ចំពោះការចូលកាន់តំណែងរបស់លោក យ៉ុង គឹមហ៊ាន ជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារនៅពេលនេះ។

លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងណែនាំដល់លោកអភិបាលរងខេត្តព្រះវិហារថ្មី ដែលបានប្រកាសចូលកាន់តំណែងនៅពេលនេះត្រូវ៖

*ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ព្រមទាំងក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់។
*រក្សាឲ្យបានសាមគ្គីភាព ឯកភាពផ្ទៃក្នុងៗជួរគណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទរដ្ឋបាលខេត្ត។
*ខិតខំបំពេញការងារដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រុវខ្ពស់ ជាពិសេសត្រូវសហការឲ្យបានល្អប្រសើរ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជំនាញពាក់ព័ន្ធដើម្បីអនុវត្តន៍កម្មវិធីនានារបស់រាជរដ្ឋាភិបាល ក្នុងទិសដៅដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិ។
*ត្រូវខិតខំយកចិត្តទុកដាក់បម្រើការងារឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និងប្រាជ្ញាស្មារតី ដែលថ្នាក់ដឹកនាំខេត្តនិងថ្នាក់ដឹកនាំក្រសួងបានដាក់ជូន ដើម្បីបំពេញការងារជូនតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងក្លាថែមទៀត។
*ចូលរួមកិច្ចសហប្រតិបត្តិការឲ្យបានល្អ ជាមួយក្រសួង ស្ថាប័ន អង្គភាពរដ្ឋ អង្កការសង្គមស៊ីវិលក៏ដូចជាវិស័យឯកជន ដើម្បីវឌ្ឍនភាពនិងការអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែមានសោភ័ណ្ឌភាពស្រស់បំព្រងនិងរីកចម្រើនថែមទៀត៕