(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ ឲ្យបានជ្រាបថា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការពិគ្រោះយោបល់ គ្រប់គ្រងថែទាំ និងព្យាបាលអ្នកមាន ជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តតាមផ្ទះ រដ្ឋបាលខណ្ឌ បានបង្កើតគណៈបញ្ជាការស្រាល ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និងឆ្លើយតបជាបន្ទាន់។

ជាមួយគ្នានេះរដ្ឋបាលខណ្ឌជ្រោយចង្វារ ក៏បានបង្កើតគ្រុប Telegram មួយដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ អាចសួរសំណួរ ចម្ងល់ និងបញ្ហាអ្វីមួយពាក់ព័ន្ធនឹងការព្យាបាលតាមផ្ទះ (https://t.me/ccvhomecare)។

រដ្ឋបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា «គោលបំណង នៃការបង្កើតក្រុមនេះឡើង គឺដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់ចម្ងល់ ឬបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ។ ក្នុងករណីមានចម្ងល់ និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការព្យាបាល អាចសាកសួរនៅក្នុងក្រុមនេះបាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ ដោះស្រាយឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ»

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌ ក៏សុំការយោគយល់ផងដែរថា រាល់ព័ត៌មាន ឬរូបភាព និងវីដេអូណាដែលមិនពាក់ព័ន្ធ សូមបងប្អូនមេត្តាកុំផ្ញើចូលក្នុងក្រុមនេះ ចៀសវាងនាំឱ្យមានការភាន់ច្រឡំ៕