(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ បានបន្តចាត់ឲ្យក្រុមការងារនាំយកអំណោយជាស្បៀង ឧបត្ថម្ភដល់ពលរដ្ឋ៩នាក់បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួនក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

អំណោយដែលត្រូវបាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនប្រជាពលរដ្ឋនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកសុទ្ធ ព្រមទាំងឱសថបុរាណចិនព្យាបាលក្អក ផ្តាស់សាយ ក្តៅខ្លួន ឈឺក្បាល ការពារសួតផងដែរ។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក តាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺកូវីដ១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ ផងដែរ៕