(ភ្នំពេញ)៖ នៅថ្ងៃម្សិលមិញ អង្គភាពព័ត៌មាន Fresh News បានចេញផ្សាយនូវអត្ថបទមួយ ដែលមានចំណងជើងថា «រថភ្លើងដឹកអ្នកដំណើរ ពីភ្នំពេញទៅតាកែវ កំពត ​និងព្រះសីហនុ ចាប់ផ្ដើមដំណើរការឡើងវិញ នៅថ្ងៃទី៩ ខែមេសា ខាងមុខនេះ» ដោយក្នុងអត្ថបទមានរំលេចនូវ តម្លៃនៃការធ្វើដំណើរតាមរថភ្លើង ដោយពីភ្នំពេញ ទៅខេត្តតាកែវ សំបុត្រថ្លៃ៥ដុល្លារ ពីភ្នំពេញទៅខេត្តកំពតថ្លៃ៦ដុល្លារ និងពីភ្នំពេញទៅខេត្តព្រះសីហនុតម្លៃ៧ដុល្លារ។ ក្រោយចុះផ្សាយរួចមក មានប្រជាពលរដ្ឋ ក៍ដូចជាប្រិយមិត្តអ្នកអាន យ៉ាងច្រើនបានសាទរ នៃការដាក់ដំណើររថភ្លើង ដឹកអ្នកដំណើរឡើងវិញនេះ ប៉ុន្តែពួកគាត់បានយល់ឃើញថា តម្លៃសំបុត្រធ្វើដំណើរនេះ ហាក់ដូចជាថ្លៃជ្រុល និងសុំមានការពិចារណាឡើងវិញ។

មតិយោបល់របស់ប្រជាពលរដ្ឋ និងប្រិយមិត្តអ្នកអានជាច្រើនត្រូវបាន បង្ហាញឡើងតាមរយៈ Facebook Page របស់អង្គភាពព័ត៌មាន Fresh News ដោយភាគច្រើនយល់ឃើញថា តម្លៃសំបុត្រគួរតែថោកជាងនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ខណៈដែលរថយន្តឈ្នួល ចំណាយពេលតិចជាងនេះ។  

ប្រជាពលរដ្ឋបានយល់ឃើញថា សំបុត្រធ្វើដំណើរតាមរថភ្លើង គួរតែមានតម្លៃទាបជាង ការកំណត់របស់ក្រុមហ៊ុន ព្រោះតម្លៃនេះស្មើ និងថ្លៃជាងរថយន្តឈ្នួលទៅទៀត ថែមទាំងយឺតជាងផងដែរ។ អ្នកខ្លះបានលើកឡើងថា តម្លៃនៃការធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ គួរតែថ្លៃ១៥០០០រៀល ទើបសាកសម ព្រោះចំណាយពេលយូរក្នុងការដំណើរ។ អ្នកខ្លះទៀតយល់ឃើញថា តម្លៃគួរតែត្រឹម៤ទៅ៥ដុល្លារបានហើយ។

ឆ្លើយតមការលើកឡើងពីប្រជាពលរដ្ឋ ចំពោះតម្លៃធ្វើដំណើរតាមផ្លូវដែកនេះ ត្រូវបានតំណាងក្រុមហ៊ុន Royal Rialways លើកឡើងថា ថ្លៃបន្ដិចមមែន ប៉ុន្ដែតម្លៃនេះក្រុមហ៊ុន បានគណនារួចហើយ គឺមិនបានទទួលផលចំណេញនោះឡើយ ពោលការរត់សាកល្បងនេះ ធ្វើឡើងដើម្បីជួយសំរាលទុក្ខលំបាក ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែល ត្រូវសំរុកចេញចូលរាជធានីភ្នំពេញ ក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិតែប៉ុណ្ណោះ។

តំណាងក្រុមហ៊ុនដដែលបានពន្យល់ទៀតថា ក្នុងដំណើរការសាកល្បង ចា​ប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ខែមេសា គឺក្រុមហ៊ុនដាក់ដំណើរការទូររថភ្លើង រត់តែពីរ ឬបីទូរប៉ុណ្ណោះ ដែលអាចដឹកជញ្ជូនបានភ្ញៀវ ពី១២០នាក់ទៅ១៦០នាក់ ចំនួននេះទទួលបានចំណូលប្រមាណជា១០០០ដុល្លារ ដែលចំណូលនេះ មិនអាចទូទាត់គ្រប់គ្រាន់ និងការចំណាយផ្សេងៗរបស់ក្រុមហ៊ុនផង។

ប៉ុន្ដែតំណាងក្រុមហ៊ុនដដែលរូបនោះ បានលើកឡើងថា ប្រសិនបើមានភ្ញៀវធ្វើដំណើរច្រើន ក្រុមហ៊ុនអាចនឹងបន្ថែមចំនួនទូរដឹកអ្នកដំណើរ ហើយនៅពេលនោះតម្លៃអាចនឹងថយចុះ។

សូមជម្រាបថា រថភ្លើងដឹកអ្នកដំណើររបស់កម្ពុជា ត្រូវបានផ្អាកដំណើរការ ជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុន Royal Rialways នឹងដាក់ដំណើរសាកល្បងរថភ្លើងដឹកអ្នកដំណើរពីភ្នំពេញ ទៅព្រះសីហនុ និង ពីព្រះសីហនុ មកភ្នំពេញ នៅថ្ងៃទី៩ ដល់ទី១៧ ខែមេសា ឆ្នាំ២០១៦ ប៉ុន្តែតំណាងក្រុមហ៊ុនអះអាងថា បន្ទាប់ពីបញ្ចប់ការរត់សាកល្បង ក្រុមហ៊ុននឹងធ្វើការពិចារណាបន្តទៀត នូវការរត់របស់រថយន្ត ក្នុងពេលវេលាសមស្របណាមួយ តែប្រសិនបើនៅពេលដាក់ ដំណើរការសាកល្បងរួច ហើយមានប្រជាពលរដ្ឋគាំទ្រច្រើន ក្រុមហ៊ុន នឹងធ្វើការរត់ជាប្រចាំផងដែរ៕