(​ព្រុច​សែ​ល​)៖ យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន CNN នៅ​មុន​នេះ​បន្ដិច​បានឲ្យដឹងថា មាន​ករណី​ផ្ទុះ​ឆេះ​ចំនួន​ពីរ​កន្លែង កើត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Brussels Airport ក្នុង​ប្រទេស​ប៊ែលហ្សិក ដោយ​បាន​បង្ក​ភាពចលាចល​យ៉ាងខ្លាំង​ដល់​អ្នកដំណើរ​។​

​ករណី​ផ្ទុះ​នេះ នៅ​មិនទាន់មាន​សេចក្ដីរាយការណ៍​ផ្លូវការ​ពី​ចំនួន​អ្នក​ស្លាប់ និង​របួស​នោះ​ទេ ប៉ុន្តែ​សាក្សី​មួយចំនួន​ដែល​បាន​ឃើញ​ហេតុការណ៍ បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម Twitter ថា មាន​អ្នកស្លាប់ និង​របួស​ជាច្រើន​នាក់ ខណៈ​ដែល​អ្នកដំណើរ​ជាច្រើន​ត្រូវបាន​អាជ្ញាធរ​ជម្លៀសចេញ​ក្រៅ​អាកាសយានដ្ឋាន​។​

​មាន​សាក្សី​ម្នាក់ បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម Twitter ថា រូបគាត់​បាន​ឃើញ​គ្រាប់បែក​ខ្នាត​តូច​មួយ​បាន​ផ្ទុះឡើង​នៅ​កន្លែង​ប៉ុស្ដិ៍​ត្រួតពិនិត្យ ប៉ុន្តែ​មិន​បាន​សរសេរ​បញ្ជាក់បន្ថែម​ពី​ព័ត៌មាន​លម្អិត​ឡើយ​៕​