(​អ៊ី​ស្លា​ម៉ា​បាដ​)៖ ការ​គំរាម​ការដាក់​បង្កៃគ្រាប់​បែក​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ Benazir Bhutto ត្រូវបាន អាជ្ញាធរ​ប៉ា​គី​ស្ថាន បញ្ជាក់​នៅ​មុន​នេះ​បន្តិច​ថា ជា​រឿង​ក្លែងក្លាយ​នោះ​ទេ ដោយ​យន្តហោះ​ចំនួន ៥​គ្រឿង និង​ទីតាំង​សំខាន់ៗ​ជាច្រើន ត្រូវ​បាន​ឆែក ប៉ុន្តែ​រក​មិន​បាន​ឃើញ​មាន​អ្វី​ដែល​គួរឲ្យ​សង្ស័យ​នោះឡើយ​។ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន ស៊ិន​ហួរ មុន​នេះ​បន្តិច នា​រសៀល​ថ្ងៃ​អង្គារ ទី​២២ ខែ​មីនា ឆ្នាំ​២០១៦​។​

​ក្រោយពី​ការប្រកាស​សុវត្ថិភាព​បា​ន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ យន្តហោះ​ដែល​មិន​ទាន់​ធ្វើការ​ចុះចត​ចំនួន​ពីរ​គ្រឿង​នោះ បានធ្វើការ​ចុះចត​ជាធម្មតា​ឡើងវិញ​។ យ៉ាងណាក៏ដោយ កងកម្លាំង​សន្តិសុខ និង មន្ត្រី​ជំនាញ​របស់​ប៉ា​គី​ស្ថាន នៅតែ​បន្ត​តាមដាន​ស្ថានការណ៍​ទៅមុខ​ទៀត​ដើម្បី​ធានាឲ្យបាន​នូវ​សន្តិសុខ​។​

​គួរបញ្ជាក់​ថា ការប្រកាសអាសន្ន​កម្រិត​ធ្ងន់ ត្រូវបាន​ធ្វើឡើង​នៅឯ​អាកាសយានដ្ឋាន​នៃ​រដ្ឋធានី អ៊ី​ស្លា​ម៉ា​បាដ របស់​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​អះអាង​ថា​ខ្លួន​ទូរស័ព្ទ​មកពី​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស ហើយក៏​បាន​បញ្ជាក់ទៀតថា មាន​គ្រាប់បែក​ត្រូវបាន​ដាក់​បង្កៃ​ក្នុង​យន្តហោះ​ចំនួន​ពីរ​គ្រឿង​៕​