(បាត់ដំបង)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួល ស.ស.យ.ក បន្ទុក៣ខេត្ត គឺខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារការពារជំងឺកូវីដ១៩ ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង តាមរយៈលោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបង សម្រាប់ចែកជូនដល់ក្រុមការងារ និងប្រជាពលរដ្ឋ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

គ្រឿងឧបភោគបរិភោគ និងសម្ភារៈ ដែលបានប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង រួមមាន៖ មី ចំនួន ២០០កេស ត្រីខកំប៉ុង ចំនួន ៥០កេស ជែលសម្លាប់មេរោគ ចំនួន ២០០ដប អាល់កុល ចំនួន៣០កាន និងម៉ាសការពារ ចំនួន ២០កេស។

ឆ្លៀតក្នុងឱកាសនោះ លោក ងួន រតនៈ ក៏បានអមដំណើរលោក ស សុខា ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅមណ្ឌលចាក់វ៉ាក់សាំង ដែលមានទីតាំងនៅបុរីរំចេក សម្រាប់សង្កាត់រតនៈ និងចុះមើលសកម្មភាពយុវជន ស.ស.យ.ក ដែលកំពុងមមាញឹកក្នុងការចូលរួមជួយសម្របសម្រួលដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រជាពលរដ្ឋ និងក្រុមការងារចាក់វ៉ាក់សាំងផងដែរ៕