(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២១នេះ បានបញ្ជូនក្មេងទំនើងចំនួន៣នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយបង្ក្រាបបានក្នុងករណីហិង្សា បង្កអសន្តិសុខក្នុងមូលដ្ឋានក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ។

បើតាមលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រុមក្មេងទំនើងទាំង៣នាក់នេះរួមមាន៖

*ទី១៖ ឈ្មោះ ផូ ភា ហៅ (ចយ) ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
*ទី២៖ ឈ្មោះ មឿន ស៊ីណែត ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
*ទី៣៖ ឈ្មោះ ង៉ាម សារុន ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកថា នៅក្នុងថ្ងៃកើតហេតុក្រុមក្មេងទំនើងទាំងនេះ បានធ្វើសកម្មភាពជិះម៉ូតូ១គ្រឿង ប្រដាប់ដោយកាំបិតគ្រប់ដៃ បង្ករបួសស្នាមទៅលើជនរងគ្រោះ។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឃើញសកម្មភាពក្រុមក្មេងទំនើងមានកាំបិតជិះម៉ូតូអូសតាមផ្លូវសាធារណៈធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាបទាន់ពេលវេលា និងដកហូតបានកាំបិតផ្គាក់ចំនួន ២ដើម ហើយបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

ជនសង្ស័យទាំង៣នាក់ ក្រោយពីកម្លាំងជំនាញសាកសួររួចមក បានឆ្លើយសារភាពថា ពួកគេបានជិះម៉ូតូដោយមានកាំបិតពិតប្រាកដមែន គឺមានគោលបំណងស្វែងរកក្រុមក្មេងទំនើងមួយក្រុមទៀត ដើម្បីកាប់សងសឹក ពីព្រោះក្មេងទំនើងមួយក្រុមនោះធ្លាប់ដេញកាប់ពួកគេកន្លងមក។

គួររំលឹកដែរថា ដោយផ្អែកលើបទល្មើសជាក់ស្ដែង និងផ្អែកការស្ដាប់ចម្លើយរបស់ជនសង្ស័យទាំង៣នាក់ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត៕