(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃង បានចេញសេចក្ដីជូនដំណឹង និងបង្ហាញពីករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៧៧នាក់ និងស្លាប់១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង ស្រុកចំនួន១៣ មកពីខេត្តស្វាយរៀង ១២នាក់ មកពីក្បូងឃ្មុំ ២នាក់ និងមកពីកំពង់ឆ្នាំង១នាក់ នាថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២១ ម្សិលមិញ។

អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង១៧៧នាក់ ក្នុងនោះរួមមាន៖ ក្រុងព្រៃវែង ចំនួន៥នាក់, ស្រុកកំចាយមារ ចំនួន ៦៨នាក់, ស្រុកពាមរក៍ ចំនួន៣៤នាក់, ស្រុកបាភ្នំ ចំនួន៩នាក់, ស្រុកពោធិ៍រៀង ចំនួន៩នាក់, ស្រុកព្រះសេ្ដច ចំនួន៨នាក់, ស្រុកពារាំងចំនួន៨នាក់, ស្រុកមេសាង ចំនួន៦នាក់, ស្រុកស្វាយអន្ទរ ចំនួន៦នាក់, ស្រុកកំពង់ត្របែក ចំនួន៣នាក់, ស្រុកពាមជរ ចំនួន២នាក់, ស្រុកកញ្ច្រៀច ចំនួន ២នាក់, ស្រុកសុីធរកណ្ដាល ចំនួន២នាក់, មកពីខេត្តស្វាយរៀង ចំនួន១២នាក់, មកពីខេត្តក្បួងឃ្មុំ ចំនួន ២នាក់ និងមកពីខេត្តកំពង់ឆ្នាំង ចំនួន១នាក់។

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង១៧៧នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ។

បន្ថែមពីនេះ រដ្ឋបាលខេត្តព្រៃវែង ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕