(សៀមរាប)៖ មន្ត្រីអង្គការស៊ីម៉ាក់ នៅថ្ងៃទី១២ ខែកក្កដា បានបន្តរកឃើញគ្រាប់បែកចំនួន៨០គ្រាប់បន្ថែមទៀត ខណៈកាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ រកឃើញ៣២៥គ្រាប់ ស្ថិតក្បែរបងសាលាវិទ្យាល័យ «១០ មករា ១៩៧៩»។

លោក អ៊ាន សុធា ប្រធានកងឯកភាពកម្ចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ បានប្រាប់ថា គ្រាប់បែកដៃដែលរកឃើញទាំងអស់សរុបចំនួន ៤០៥គ្រាប់។ លោកបន្ថែមថា គ្រាប់បែកនេះផលិតនៅប្រទេសអង់គ្លេស ម៉ាក (36 UK ) ហើយវាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្ស ប្រសិនបើមានការប៉ះទង្គិច ឬមិនបានប្រុងប្រយ័ត្នធ្វើជ្រុះធ្លាក់។

លោកបន្ថែមទៀតថា គ្រាប់បែកដៃនេះ ត្រូវបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅចំណុចនោះធ្លាប់ជាឃ្លាំងគ្រាប់បែកមួយកន្លែងនៅក្នុងក្រុងសៀមរាប ក្នុងសម័យសង្គ្រាមអំឡុងទសវត្សរ៍៧០។ បច្ចុប្បន្នគ្រាប់បែកទាំងនេះ ត្រូវបានយកទៅរក្សាទុកនៅទីបញ្ជាការកងឯកភាពកម្ចាត់មីនទី៤ ខេត្តសៀមរាប ដែលស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។

ក្នុងអំឡុងចុះទៅពិនិត្យទីតាំងនោះ លោក អ៊ាន សុធា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ បើប្រទះឃើញគ្រាប់បែក ឬគ្រាប់យុទ្ឋភ័ណ្ឌ មិនទាន់ផ្ទុះគ្រប់ប្រភេទ សូមផ្តល់ដំណឹងទៅសមត្ថកិច្ច ឬក៏រាយការណ៍ទៅមន្ត្រី CMAC ជាបន្ទាន់ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

គួរបញ្ជាក់ថា ទីតាំងដែររកឃើញគ្រាប់បែកនេះ ស្ថិតនៅក្បែររបងវិទ្យាល័យ «១០មករា» ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ គ្រាប់ទាំងនេះត្រូវបានប្រទះឃើញដោយក្រុមកម្មករ នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប ពេលកំពុងជីកដីកប់ប្រព័ន្ធខ្សែកាបក្រោមដី៕