(កាលីហ្វូញ៉ា)៖ លោក Andy Grove អតីតនាយកប្រតិបត្តិក្រុមហ៊ុនផលិតឈីប Intel បានទទួលមរណភាព នៅថ្ងៃចន្ទ​ម្សិលមិញនេះ ក្នុងវ័យ៧៩ឆ្នាំ ដោយសារជំងឺមហារីក ប៉ុន្តែមិនត្រូវបានគេបញ្ជាក់ថា ជាជំងឺមហារីកអ្វីនោះទេ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា។

លោក Grove ត្រូវបានគេចាត់ទុកថា ជាបិតាស្ថាបនាក្រុមហ៊ុន Intel ដោយចាប់តាំងពីឆ្នាំ១៩៨០​មក រូបលោកបាន​ជំនះនូវឧបសគ្គជាច្រើន ដោយបានប្រែក្លាយក្រុមហ៊ុន Intel ឲ្យទៅជាក្រុមហ៊ុនផលិត Chip ធំជាងគេបំផុតនៅក្នុង​ពិភពលោក។

នាយកប្រតិបត្តិ Intel លោក Brian Krzanich បានថ្លែងឲ្យដឹងថា «យើងមានការសោកស្រាយជាខ្លាំង បន្ទាប់ពីទទួលបានដំណឹងមរណភាពនេះ។ លោក Grove គឺជាវិរបុរសរបស់ Intel ហើយយើងនឹងចងចាំនូវ​ទង្វើ​របស់​គាត់ទុកក្នុងដួងចិត្ត មិនអាចបំភ្លេចជារៀងរហូត។ សូមឲ្យវិញ្ញាណក្ខន្ធលោក Grove ទៅកាន់សុគតិភព»