(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរនៅលើបណ្តាញសង្គមហ្វេសប៊ុក បានចេញមកបង្ហាញការខឹងសម្បា និងស្តីថាឱ្យ «វិទ្យុអាស៊ីសេរី» ផ្សាយជាភាសាខ្មែរយ៉ាងចាស់ដៃបំផុត បន្ទាប់ពីវិទ្យុគាំទ្រថវិកាដោយសហរដ្ឋអាមេរិកមួយនេះ ផ្សាយអត្ថបទបង្អាប់ពីផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។

វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្សាយថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កំពុងលេងល្បែង «មួយចានទឹកមួយចានគោក» ជាមួយការអនុវត្តយុទ្ធសាស្ត្រជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ។

វិទ្យុដែលគេចាត់ទុកជាការផ្សាយសំឡេងប្រតិកិរិយារបស់បរទេសមួយនេះ បានចាត់ទុកផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើវ៉ាក់សាំងផលិតនៅប្រទេសចិន ជាការសម្រេចចិត្តមួយប្រថុយប្រថាន ដោយគេហៅថាជាការសម្រេចចិត្តបែប «មួយចានទឹក មួយចានគោក»

វិទ្យុនេះផ្សាយបន្តថា «មួយចានទឹក» គឺសម្តេចតេជោ នឹងទទួលបាននូវផ្លែផ្កាកេរដំណែលនយោបាយវិជ្ជមាន ប្រសិនបើវ៉ាក់សាំងកំពុងប្រើមានប្រសិទ្ធភាពល្អ។ ដោយឡែក «មួយចាន់គោក» គឺនឹងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ និងកេរ្តិ៍ឈ្មោះបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ផងដែរ ប្រសិនបើវ៉ាក់សាំងមិនមានប្រសិទ្ធភាព។

វ៉ាក់សាំង គឺជាឧបករណ៍យុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា និងលើពិភពលោកសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩។ ប្រទេសកម្ពុជា បានប្រើប្រាស់វ៉ាក់សាំងផលិតនៅប្រទេសចិនចំនួនពីរចាក់ជូនប្រជាពលរដ្ឋ គឺវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់។

គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានស្វះស្វែងរកវ៉ាក់សាំងបានចំនួន ១៦លានដូសរួចមកហើយ ក្នុងនោះមានវ៉ាក់សាំងជាជំនួយរបស់ខូវ៉ាក់ គឺវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូសផងដែរ។ វត្តមានវ៉ាក់សាំងទាំងនេះ ធ្វើឱ្យកម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជិត ៥លាននាក់ហើយ។

ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនលើសលុបទន្ទឹងរង់ចាំការចាក់វ៉ាក់សាំង ហើយបានសម្តែងការត្រេកអរជាខ្លាំងក្រោយពេលបានចាក់វ៉ាក់សាំង។ ពួកគេបានយល់ច្បាស់ពីគុណតម្លៃវ៉ាក់សាំងក្នុងការការពារសុខភាព និងអាយុជីវិតរបស់ពួកគេពីការរាតត្បាតនៃជំងឺកូវីដ១៩។

ការផ្សាយរបស់វិទ្យុអាស៊ីសេរី បានធ្វើឱ្យប្រជាពលរដ្ឋនៅលើបណ្តាញសង្គមសម្តែងការមិនពេញចិត្ត ហើយក៏ខឹងសម្បាណាស់។ ពួកគេបានចាត់ទុកការផ្សាយនេះជាការអុជអាល និងញុះញង់មួយរំខានដល់ដំណើរការចាក់វ៉ាក់សាំង ដែលជាធម្យោបាយតែមួយគត់ក្នុងការយកឈ្នះលើជំងឺកូវីដ១៩។

ពលរដ្ឋខ្មែរប្រើបណ្តាញសង្គមហ្វេសប៊ុកដោយដាក់ឈ្មោះ «មនុស្សដែកថែប ចិត្តថ្ម» បានលើកឡើងថា «Rfa khmer ពិតជាពូកែចាក់រុក ញុះញង់ បន្លំ ឱ្យខ្មែរនិងខ្មែរឈ្លោះគ្នាមែន។ បើអ្នកជាជនខ្មែរត្រូវបម្រើប្រយោជន៍ដល់ជាតិខ្មែរ មិនមែនខ្លួនខ្មែរ ក្បាលអាម៉េរិក ក្បាលបារាំង ក្បាលអង់គ្លេសទេ។ បើអ្នកខ្លាំងមកនិយាយនៅកម្ពុជាមក សម្តេច ស្វាគមន៍ជានិច្ច កុំធ្វើអ្នកបម្រើគេ ខ្មាសដូនតាខ្មែរ»

ពលរដ្ឋម្នាក់ទៀតប្រើហ្វេសប៊ុកឈ្មោះ «Nak Ratanak» បានសរសេរថា «វាមិនមែនជាល្បែងទេ តែជាជម្រសើតែមួយគត់ដែលមានក្នុងកាលៈទេសៈបច្ចុប្បន្ន។ នណាក៏ដឹងថា Pfizer ល្អ ប៉ុន្តែត្រូវរង់ចាំដល់ពេលណា? ២០២២/ ២០២៣?»

អ្នកលេងហ្វេសប៊ុកដោយប្រើឈ្មោះ «រ៉ន សុភារម្យ» សរសេររៀបរាប់ «ខ្ញុំអត់យល់ពួកលោកឯងគិតអី? ជំងឺឆ្លងទូទាំពិភពលោក បែរជាមកគេងចំណេញនយោបាយ ក្បាលហ្អែងសំតែគ្រាប់សំណរម៉ែន ដែលខ្វល់ពីជីវិតប្រជាជនខ្មែរអត់?»

អ្នកលេងបណ្តាញសង្គមម្នាក់ទៀត មានគណនីហ្វេសប៊ុក Sothea Heng បានសរសេរថា «RFA ថាអញ្ចឹង ! ចុះប្រជាជនចិនរាប់សិបលាននាក់ គិតយ៉ាងណា ? បើគ្មានប្រសិទ្ធភាពនោះ មិនស្លាប់អស់ទៅហើយ!»

ដោយឡែកពលរដ្ឋខ្មែរប្រើហ្វេសប៊ុកឈ្មោះ «Sin Sothea» បានបង្ហាញការប្រតិកម្មយ៉ាងដូច្នេះថា «នៅក្នុងវិបត្តិកូវិត-១៩ បញ្ហាវ៉ាក់សាំងប្រឆាំងជំងឺកូវីត-១៩ គឺជាប្រធានបទមួយដ៏ក្តៅគគុកក្នុងការជជែកវែកញែកអំពីអនាគតប្រជាពលរដ្ឋខ្មែរ។ ថ្វីត្បិតថា វ៉ាក់សាំងរបស់ចិន មិនមានប្រសិទ្ធភាព១០០% ក្នុងការការពារជំងឺកូវីត-១៩ក៏ដោយ។ ប៉ុន្តែក្នុងអំឡុងពេលដែលវ៉ាក់សាំងការពារកូវីត១៩នៅក្នុងពិភលោក ផលិតមិនទាន់សម្រាប់តម្រូវការប្រជាពលរដ្ឋរបស់យើង»

ពលរដ្ឋខ្មែររូបនេះបន្តថា «ដូច្នេះហើយជម្រើសដ៏ល្អគឺត្រូវតែជ្រើសយកវ៉ាក់សាំងចិនមកចាក់ជូនប្រជាពលរដ្ឋរបស់យើង ជាជាងយើងរងចាំវ៉ាក់សាំងរបស់ប្រទេសលោកខាងលិចដែលផ្តល់អោយ រឺក៏លក់ជូនរាជ្យរដ្ឋាភិបាលរបស់យើង។ ព្រោះថាជំងឺកូវិត-១៩កំពុងតែរីករាដាលខ្លាំងទូទាំងពិភពលោក។ ពាក្យចាស់ពោលថា ការពារប្រសើរជាងព្យាបាល»។

ពលរដ្ឋខ្មែរម្នាក់ទៀតប្រើគណនីហ្វេសប៊ុកឈ្មោះ «Pheak Kdei» បានសរសេរថា «បើកម្ពុជារង់ចាំវ៉ាក់សាំងផ្សេងក្រៅពីវ៉ាក់សាំងចិន ប្រហែលជាស្លាប់ជាងនេះមិនដឹងជាគុណនឹងប៉ុន្មានដងទេ?»

ដោយឡែកពលរដ្ឋខ្មែរដែលប្រើហ្វេសប៊ុកឈ្មោះ «Chantha Cham» បានចាត់ទុកការផ្សាយរបស់អាស៊ីសេរីនេះ គឺជាគំនិតស្មោគក្រោគ។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Chantha Cham» បានសរសេររៀបរាប់ដូច្នេះ «វាមិនមែនជាល្បែងដូចពួកអាឆ្កែវង្វេងជាតិគិតនោះទេ។ តែវាជាយុទ្ធនាការថ្នាក់ជាតិក្នុងការការពារជីវិតពលរដ្ឋពីជំងឺរាតត្បាត គំនិតពួកស្មោគគ្រោក គិតតែរឿងស្មោគគ្រោកគួរអោយខ្ពើម»

ក្រៅពីសម្រង់ខ្លឹមសារមតិយោបល់ដែលបានលើកមបង្ហាញ គឺនៅមានមតិយោបល់របស់ប្រជាពលរដ្ឋខ្មែរជាច្រើនទៀត បានសរសេរនៅការផ្សាយរបស់វិទ្យុអាស៊ីសេរីខាងលើនេះ។ ភាគច្រើននៃមតិយោបល់នោះសុទ្ធតែបានខឹងសម្បា ហើយបានរិះគន់ និងទិតៀនយ៉ាងខ្លាំងលើការផ្សាយរបស់វិទ្យុបម្រើដល់នយោបាយបរទេសមួយនេះ។

វិទ្យុអាសេរី ដែលជាវិទ្យុខុសច្បាប់ ដោយមិនបានសុំច្បាប់ផ្សាយនៅកម្ពុជា និងជាឧបករណ៍បំភ័ន្តសាធារណមតិរបស់អាមេរិក គឺតែងតែផ្សាយផ្ទុយពីការពិត និងប្រឆាំងរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។ ការផ្សាយរបស់គេនេះ ក៏នាំឱ្យការរិះគន់លើការផ្សាយរបស់អាស៊ីសេរីផងដែរ ហើយមានអ្នកខ្លះថា គេមិនដែលស្តាប់វិទ្យុនេះនោះឡើយ។

អ្នកលេងហ្វេសប៊ុកឈ្មោះ «Chea Kosal» បានសរសេរថាឱ្យអាស៊ីសេរីយ៉ាងដូច្នេះ «យីមនុស្សស្អី! ហ៊ាននិយាយសម្តីចោលម្សៀតបែបនេះទៅកើត! ឱ RFA Khmer»។

ដោយឡែកអ្នកលេងហ្វេសប៊ុកម្នាក់ទៀត ដែលមានគណនីហ្វេសប៊ុកឈ្មោះ «Yong Sarith» បានសរសេរថា «មិនដែលស្ដាប់ទេអាវិទ្យុឆ្កួតហ្នឹងរាប់ឆ្នាំហើយ តែវាមកផុសជាអក្សរឱ្យទើសមុខទៀត ម៉ាអាក្រុមព្រះធរណីស្រូប»

សូមបញ្ជាក់ថា វ៉ាក់សាំងទាំងពីរប្រភេទរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូហ្វាម ដែលកំពុងប្រើប្រាស់នៅកម្ពុជា ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ហើយក៏កំពុងចរាចរណ៍ចាក់ជូនប្រជាពលរដ្ឋមិនតិចជាង ១០០ប្រទេសនោះឡើយ នៅលើពិភពលោក។ ក្រៅពីនោះរដ្ឋាភិបាលចិន បានប្រើវ៉ាក់សាំងទាំងពីរនេះ ចាក់ជូនប្រជាពលរដ្ឋខ្លួនបានជាង ១,៣០០លាននាក់ហើយផងដែរ។

បច្ចុប្បន្នមានប្រទេសជាច្រើនកំពុងស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ហើយសូម្បីអង្គការសុខភាពពិភពលោកក៏បានសម្តែងការបារម្ភផងដែរ នូវវិសមភាពនៃការផ្តល់វ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រ ហើយបានអំពាវនាវឱ្យប្រទេសនានាជួយផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រផងដែរ។

ប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសមិនច្រើននោះទេ ដែលបានរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានលឿនជាងផែនការកំណត់។ កម្ពុជា ក៏បានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី ដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន និងមានចំនួនច្រើន។

មិនត្រឹមតែពលរដ្ឋខ្មែរទេ បានសម្តែងការសាទរចំពោះផែនការ និងចំណាត់ការរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លើការងារចាក់វ៉ាក់សាំងនេះ។ ក្នុងអង្គការអន្តរជាតិជាដៃគូ រួមមានអង្គការសុខភាពពិភពលោក ធនាគារពិភពលោក និងប្រទេសជាមិត្តជាច្រើនក៏បានសម្តែងការសាទរ ចំពោះលទ្ធផលផ្លែផ្កាដ៏ល្អប្រសើរនេះផងដែរ៕