(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនឆរបោក២នាក់មកអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការធ្វើបែបនេះទៀត បន្ទាប់ពីពួកគេលួចប្រើយកឈ្មោះផ្សារធម្មជាតិ ២៤ ទិញផលិតផលគ្មានគុណភាពឲ្យភ្ញៀវ។

ការឃាត់ខ្លួនជនឆរបោកមកអប់រំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ នៅលំនៅដ្ឋានពួកគេ នាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បន្ទាប់ពីមានពាក្យបណ្តឹងពីម្ចាស់អាជីវកម្មផ្សារធម្មជាតិ ២៤ ដែលគេស្គាល់ថា ផ្សារលក់ផលិតផលកសិផល និងអាហារសុវត្ថិភាព។

សមត្ថកិច្ចបញ្ជាក់ថា នារីទាំងពីរនាក់ត្រូវឃាត់ខ្លួមមកនេះ បន្ទាប់ពីពួកគេបានធ្វើសកម្មភាព យកលេខទូរស័ព្ទដែលអតិថិជន បានទម្លាក់បញ្ជាទិញផលិតផលលើការ Live របស់ផ្សារធម្មជាតិ២៤ ហើយទាក់ទងយកទំនិញរបស់ខ្លួនឯងទៅឲ្យអតិថិជន និងទទួលយកប្រាក់ពីអតិថិជន។

សមត្ថកិច្ចបន្តថា ជនខិលខូចទាំង២នាក់ បានយកលេខទូរស័ព្ទ និងទីតាំងពីការ Live លក់ផលិតផលកសិផលរបស់ផ្សារធម្មជាតិ២៤ ដើម្បីទាក់ទងទៅអតិថិជននោះ និងបានដឹកប្រភេទទំនិញដែលភ្ញៀវបញ្ជាទិញយកទៅឲ្យ ប៉ុន្តែដោយសារទំនិញគ្មានគុណភាព ទើបភ្ញៀវចាប់ចង់ប្តូររហូតលេចធ្លាយដំណឹង មកដល់ម្ចាស់អាជីវកម្មផ្ទាល់ រហូតទទួលបានការសហការពីអតិថិជនកំណត់មុខសញ្ញា និងដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច។

ទោះជាយ៉ាងណាដោយសារ តែមានការយោគយល់អធ្យាស្រ័យ ម្ចាស់អាជីវកម្មផ្សារធម្មជាតិ ២៤ បានត្រឹមធ្វើការព្រមាន ឲ្យបញ្ចប់សកម្មភាពទាំងនេះ និងដោយទឹកចិត្តសណ្តោសប្រណីដោយគ្រាន់ តែជាការឲ្យអ្នកទាំងពីរធ្វើកិច្ចសន្យាបញ្ចប់ សកម្មភាពដូចនេះបន្តទៀត៕