(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងថ្មី បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាករណីអាជីវករ ធ្វើអាជីវកម្មពុះដីឡូត៍លក់ដែលគ្មានច្បាប់អនុញ្ញាត ដើម្បីជំរុញឱ្យការរៀបចំប្រើប្រាស់ដីឱ្យបានត្រឹមត្រូវចំទិសដៅ និងដើម្បីធានាឱ្យការអភិវឌ្ឍប្រកបដោយចីរភាព។

កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពីលោក សាន់ យូ អភិបាលរងខេត្ត លោកនាយករងរដ្ឋបា លសាលាខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងលោកអភិបាល ក្រុង ស្រុកទាំង៨ ផងដែរ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង

យោងតាមស្មារតីក្នុងកិច្ចប្រជុំ គឺគោលបំណងសំខាន់ដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារច្បាប់ និងគោលការណ៍ណែនាំនានា ដើម្បីអាជ្ញាធរ និងជំនាញពាក់ព័ន្ធយកទៅអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ ដល់ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ឱ្យគោរព និងអនុវត្តតាម។

ជំរុញការធ្វើបច្ចុប្បន្នភាពឡើងវិញ ចំពោះគម្រោងអាជីវកម្មនៅទូទាំងខេត្ត។ ពង្រឹងអាជ្ញាធរ និងជំនាញពាក់ព័ន្ធឱ្យអនុវត្តភារកិច្ចក្នុងដែនសម្ថកិច្ចរបស់ខ្លួន (ការផ្តល់សេវា) ឱ្យមានប្រសិទ្ធភាពខ្ពស់ និងដំណើរការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ឱ្យបានស្របតាមច្បាប់ និងគោលការណ៍។

សិក្សាពីផែនការយុទ្ធសាស្ត្រក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដី នៅថ្នាក់ក្រុងស្រុក និងផែនការប្រើប្រាស់ដី នៅឃុំ/សង្កាត់ ដើម្បីជម្រុញឱ្យការរៀបចំប្រើប្រាស់ដីឱ្យបានត្រឹមត្រូវចំទិសដៅ និងដើម្បីធានាឱ្យការអភិវឌ្ឍប្រកបដោយចីរភាព។

កិច្ចប្រជុំ ពិនិត្យនិងពិភាក្សាករណីអាជីវករធ្វើអាជីវកម្មពុះដីឡូលក់ដោយគ្មានច្បាប់អនុញ្ញាត ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ស៊ុន សុវណ្ណរិទ្ធ ដែលទើបនឹងឡើងកាន់តំណែងថ្មីខាងលើនេះ គឺមានការគាំទ្រ និងអបអរសាទរពីសាធារណៈជន នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងការជំរុញឱ្យមានការធ្វើបច្ចុប្បន្នភាពឡើងវិញ ចំពោះគម្រោងអាជីវកម្មនៅទូទាំងខេត្តកំពង់ឆ្នាំង ខាងលើនេះ៕