(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំបើកបើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្ត្រ ប្រទាក់ប្រទងនិងលក្ខខណ្ឌនានាសម្រាប់ការអភិវឌ្ឍពិការភាពប្រកបដោយបរិយាបន្ន តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

លោក ឯម ច័ន្ទមករា បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ដល់តំណាងមន្ត្រីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការតំណាងជនមានពិការភាពវេទិកាស្រ្តីមានពិការភាព និងអង្គការសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធនឹង វិស័យពិការភាព ក្នុងប្រទេសកម្ពុជាក្នុងគោលបំណង ផ្តល់ជូនអ្នកចូលរួមអាច៖

*ទី១៖ យល់ច្បាស់ពីវិធីអនុវត្តអនុសញ្ញាសិទ្ធិជនពិការនិងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលមានបរិយាបន្នពិការភាព ទៅក្នុងការអនុវត្តឆ្លើយតបនឹងកាតព្វកិច្ចរបស់រដ្ឋភាគី។

*ទី២៖ យល់ច្បាស់ពីទ្រឹស្តីនៃការផ្លាស់ប្តូររបស់អង្គការសហប្រជាជាតិក្នុងភាពជាដៃគូដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព (UNPRPD) ដើម្បីគាំទ្រដល់បរិយាបន្នពិការភាពនៅកម្រិតប្រទេស (ការអនុវត្តអនុសញ្ញាសិទ្ធិជនពិការ CRPD និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពប្រកបដោយបរិយាបន្ន) ដោយផ្តោតលើការផ្លាស់ប្តូរគោលនយោបាយ និងប្រព័ន្ធរបស់រដ្ឋាភិបាល។

បន្ថែមពីលើនេះ លោក ឯម ច័ន្ទមករា បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តប្រទាក់ប្រទង និងលក្ខខណ្ឌនានា សម្រាប់ការអភិវឌ្ឍពិការភាពប្រកបដោយបរិយាបន្ន មានគោលបំណងស្នើសុំការផ្តល់អនុសាសន៍ ពីអ្នកចូលរួមទាំងអស់លើឯកសារដើមទាំងអស់ដែលនឹងផ្តល់វគ្គបណ្តុះបណ្តាលនេះថាតើគួរធ្វើការកែសម្រួលយ៉ាងណាដើម្បីឱ្យឯកសារទាំងអស់នេះប្រើប្រាស់បានជាឯកសារបណ្តុះបណ្តាល ការអភិវឌ្ឍពិការភាពប្រកបដោយបរិយាបន្នថ្នាក់ជាតិដែលអាចប្រើប្រាស់បាន។

រដ្ឋលេខាធិការវ័យក្មេងរូបនេះ បានបញ្ជាក់ថា សមិទ្ធផលនៃវិស័យពិការភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាចសម្រេចទៅបានគឺដោយសារកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវការលើកកម្ពស់ស្ថានភាពនិងគុណជីវិតរបស់ជនមានពិការភាពឱ្យមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កាកបាទក្រហមកម្ពុជានិងសប្បុរសជននានាក៏បានយកចិត្តទុកដាក់ ដល់ជនមានពិការភាពគួរឱ្យកត់សំគាល់ ទោះក្នុងកាលៈទេសៈដ៏លំបាកនេះក៏ដោយ។

បន្ថែមពីលើនេះ លោក ឯម ច័ន្ទមករា សូមលើកទឹកចិត្តឱ្យទាំងអស់គ្នាបន្តនូវកិច្ចសហការល្អ និងឥរិយាបថស្ថាបនា នៅក្នុងការពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមទាំងឡាយ ដើម្បីចីរភាពនៃវិស័យពិការភាព ពិសេសការបង្កើនការយកចិត្តទុកដាក់ដល់ជនមានពិការភាពប្រកបដោយបរិយាប័ន្ន និងការបង្កើតការងារសមរម្យប្រកបដោយគុណភាពជូនជនមានពិការភាព ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍវៃងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺការសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលពេលនោះយើងសង្ឃឹមថា ជនមានពិការភាពក៏អាចមានប្រាក់ចំណូលដូចជនមិនមានពិការភាពផងដែរ។

លោកក៏បាន អំពាវនាវដល់បងប្អូនជនមានពិការភាពនៅទូទាំងប្រទេស សូមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យបានម៉ត់ចត់ អំពីវិធានការនានាក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ដោយចូលរួមចាក់វ៉ាក់សាំងការពារជំងឺនេះ និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីឱ្យយើងអាចឆ្លងផុតកាលៈទេសៈដ៏លំបាកនេះបានឆាប់ឈានទៅរកប្រក្រតីភាពឡើងវិញតាមគន្លងថ្មីនៃជីវភាពសង្គម ផលិតកម្ម មុខរបរ និងការងាររបស់ប្រជាជន ខ្ញុំមានជំនឿថា អាស្រ័យដោយមានការចូលរួមដ៏សកម្មរបស់ប្រជាជនគ្រប់រូប យើងពិតជានឹងយកឈ្នះបានក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ៕