(កំពង់ធំ)៖ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងការរកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងសម័យកូវីដ១៩ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៣០គ្រួសារ មកពីបីឃុំនៅស្រុកតាំងគោក ខេត្តកំពង់ធំ។

ពិធីប្រគល់អំណោយនេះបានធ្វើឡើងក្រោមវត្តមានលោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ និងជាមេឃុំត្បូងក្រពើ ស្រុកសន្ទុក ដោយមានការចូលរួមពីសមាជិក សមាជិកាអង្គការដៃគូ អាជ្ញាធរដែនដីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក គៀង សេងគី បានលើកឡើងថា កម្មវិធីនេះបានរៀបចំដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ មានការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់, វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការអេដអាក់ស្យុង (AEA)។

ជាមួយគ្នានេះ លោក គៀង សេងគី បានថ្លែងអំណរគុណដល់អង្គការដៃគូ និងអាជ្ញាធរដែនដីដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ជាក់ស្តែងគ្រួសារងាយរងគ្រោះ ស្ត្រីមេម៉ាយ និងចាស់ជរាទទួលបានអំណោយមនុស្សធម៌ពីសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈក្នុងសម័យកូវីដ១៩នេះ បើទោះបីជាអំណោយដែលចែកពេលនេះបន្តិចបន្តួចក៏ពិតមែន។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាពដោយបរិភោគទឹកស្អាត សម្រាកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះចៀសវាងការកើតមាន នូវជម្ងឺគ្រុនឈាមរឺជម្ងឺផ្សេងៗ។

ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វនិងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយ ប្រចាំថ្ងៃដោយផ្លាស់ប្តូរ ទំលាប់មិនល្អ និងផ្តល់ឱកាសឱ្យកូនបានសិក្សារៀនសូត្រដោយប្រែក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។

លោក គៀង សេងគី បានផ្ដាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋសូមប្រើប្រាស់ស្បៀងឱ្យចំគោលដៅ ទុកដាក់ឯកសារឲ្យបានត្រឹមត្រូវនិងមានការប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ខ្យល់កន្ត្រាក់ ត្រូវអប់រំកូនឱ្យជៀសឆ្ងាយពីគ្រឿងញៀន ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព នឹងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមទប់ស្កាត់នូវជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីបានថ្លែងអំណរគុណដល់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ អង្គការដៃគូ និងរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋខ្វះខាត ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។

គួរបញ្ជាក់ផងដែរថាជាពលរដ្ឋដែលទទួលបានមានឃុំទ្រៀល ១០គ្រួសារ ឃុំស្រឡៅ ១០គ្រួសារនិងឃុំសូយោង ១០គ្រួសារដោយក្នុងមួយគ្រួសារមានអង្ករ ៥០ គីឡូក្រាមមី ១ កេស ប្រេងឆា១ដប ទឹកត្រី១យួរ ទឹកស៊ីអុីវ ១យួរ ត្រីខ ១យួរ ម៉ាស១ប្រអប់ មុង១ ភួយ១ និងសាប៊ូ៤ដុំ៕