(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបា នជ្រើសរើសយកទីក្រុងចំនួន ៣ ក្នុងការរៀបចំកសាងឱ្យក្លាយជាទីក្រុងឆ្លាតវៃ រួមមាន រាជធានីភ្នំពេញ ក្រុងបាត់ដំបងនៃខេត្តបាត់ដំបង និងក្រុងសៀមរាបនៃខេត្តសៀមរាប ដើម្បីចូលរួមគំនិតផ្តួចផ្តើមកសាងបណ្តាញទីក្រុងឆ្លាត សម្រាប់ប្រទេសសមាជិកអាស៊ានទាំង ១០។

ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលា ស្ដីពីការរៀបចំផែនការសម្រាប់ទីក្រុងឆ្លាតវៃ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាពលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមលោកស្រី ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក Benedict Cheong នាយកប្រតិបត្តិមូលនិធី Temasek អន្តរជាតិ វាគ្មិនជាតិ-អន្តរជាតិមួយចំនួនទៀត។

លោករដ្ឋមន្ត្រី ព្រុំ សុខា បានលើកឡើងថា ទីក្រុងឆ្លាតដែលផ្តើមគំនិតដោយប្រទេសសិង្ហបុរី ជាប្រទេសសមាជិកអាស៊ានមួយ រហូតមកដល់បច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមដើម្បីកសាងបណ្តាញទីក្រុងឆ្លាត សម្រាប់ប្រទេសសមាជិកអាស៊ានទាំង ១០ ក្នុងនោះកម្ពុជាក៏បានចូលរួម ហើយបានជ្រើសរើសយកទីក្រុងចំនួន ៣ ក្នុងការរៀបចំដើម្បីក្លាយជាទីក្រុងឆ្លាត រួមមាន រាជធានីភ្នំពេញ ក្រុងបាត់ដំបង់នៃខេត្តបាត់ដំបង និងក្រុងសៀមរាបនៃខេត្តសៀមរាប។ ដូច្នេះរាជរដ្ឋាភិបាលត្រូវកសាងទីក្រុងឆ្លាត ព្រោះថាលំហូរប្រជាជនមកកាន់ទីប្រជុំជននឹងមានកំណើនខ្ពស់ជាកំណត់។

អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា រហូតដល់ឆ្នាំ២០៥០ គឺមានប្រជាជន ២ ភាគ ៣ នៃប្រជាជននៅក្នុងប្រទេសនីមួយៗ នឹងចូលមករស់នៅក្នុងទីក្រុង។ ដូច្នេះទីក្រុងត្រូវកសាងទៅជាទីក្រុងឆ្លាត ដើម្បីអាចបន្តភាពស្ថិតស្ថិរ និងការអភិវឌ្ឍបន្តទៀតបាន។ នេះបើតាមការរំឭករបស់លោករដ្ឋមន្ត្រី។

សិក្ខាសាលាដែលបានរៀបចំឡើងនាថ្ងៃនេះ មានប្រធានបទសំខាន់ ៣ ក្នុងនោះមានភាពជាអ្នកដឹកនាំសម្រាប់ការផ្លាស់ប្តូរ, កំណែទម្រង់រដ្ឋបាលសាធារណៈ និងការកសាងទីក្រុងឆ្លាត។ ប្រធានបទទាំងអស់នេះ មានសារៈសំខាន់ណាស់សម្រាប់ទាំងអស់គ្នាដែលជាមន្ត្រី ដឹកនាំក្នុងវិស័យសាធារណៈ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ហេតុនេះព័ត៌មានជាចំណេះដឹង បទពិសោធន៍ នៃឧត្តមានុវត្តន៍ ឬការអនុវត្តល្អៗ ដែលនឹងត្រូវបានចែករំលែកដោយវាគ្មិនល្បីៗក្នុងសិក្ខាសាលានេះ ពិតជាមានសារៈប្រយោជន៍ សម្រាប់ការបំពេញការងាររបស់។

នៅក្នុងពិធីបើកសិក្ខាសាលានេះដែរ លោកមន្ត្រី ព្រុំ សុខា បានលើកឡើងនៅចំណុចសំខាន់ៗចំនួន ៣ ជូនដល់អង្គសិក្ខាសាលា រួមមាន៖

ទី១៖ អំពីទីក្រុងឆ្លាត។

ទី២៖ ការដឹកនាំរដ្ឋបាលសាធារណៈ ឬការដឹកនាំគ្រប់គ្រងដើម្បីកសាងទីក្រុងឆ្លាត ដែលចាត់ទុកជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈដែលកម្ពុជាកំពុងតែដំណើរការ។

ទី៣៖ តើទីក្រុងឆ្លាតត្រូវការសេវាសាធារណៈ ឬការផ្តល់សេវាសាធារណៈបែបណាសម្រាប់ទីក្រុងឆ្លាត។

គួរបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្រោមកិច្ចសហការរវាងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងមូលនិធិ Temasek អន្តរជាតិរបស់សិង្ហបុរី តាមរយៈគម្រោងកសាងក្របខណ្ឌសមត្ថភាពដឹកនាំសម្រាប់ថ្នាក់ដឹកនាំកម្រិតអគ្គនាយក អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល៕