(ភ្នំពេញ)៖ ដើម្បីពន្លឿន និងសម្រួលដល់ការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន បង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ការបញ្ជាទិញឧបករណ៍នេះ។ ដើម្បីដាក់សំណើបញ្ជាទិញ លោកអ្នក ត្រូវអនុវត្តតាមជំហ៊ានដូចខាងក្រោម៖

សូមចូលទៅកាន់តំណភ្ជាប់ mptc.gov.kh/rt ហើយចុចលើពាក្យ «ដាក់បញ្ជាទិញ» ពេលនោះទូរសព្ទដៃរបស់លោកអ្នកនឹង បើកកម្មវិធីតេឡេក្រាមដោយស្វ័យប្រវត្តិ។

សូមចុចលើប៊ូតុង «Start» នៅខាងក្រោម រួចចុចម្តងទៀតលើប៊ូតុងដែលបង្ហាញថា «ចុចទីនេះដើម្បីបញ្ជូនលេខទូរសព្ទរបស់អ្នក» បន្ទាប់មកលោកអ្នកនឹងឃើញផ្ទាំងមួយសួរថា Share Your Phone Number? ពេលឃើញដូចនេះ សូមចុច OK

លោកអ្នកត្រូវបំពេញព័ត៌មាន ៤ប្រភេទ គឺ ឈ្មោះអ្នកទិញ ឈ្មោះស្ថាប័ន ចំនួនបុគ្គលិក ចំនួនឧបករណ៍តេស្តរហ័ស គិតជាឯកតា។ សូមបញ្ជាក់ថា ការបញ្ចូលចំនួនបុគ្គលិក និងចំនួនឧបករណ៍តេស្តមិនត្រូវសរសេរជាលេខខ្មែរ ឬមានអក្សរផ្សេងមកជាមួយនោះទេ។

បន្ទាប់ពីអនុវត្តជំហានខាងលើរួច លោកអ្នកនឹងទទួលបានសារដែលបញ្ជាក់អំពីព័ត៌មានដែលអ្នកបានបំពេញ ខាងលើ។ ដូចនេះ សូមពិនិត្យមើលឡើងវិញ ក្នុងករណីដែលព័ត៌មានបញ្ជាទិញរបស់អ្នកត្រឹមត្រូវ ត្រូវចុចលើពាក្យ «ត្រឹមត្រូវ»លោកអ្នកនឹងទទួលបានសារបញ្ជាក់អំពីការទទួលបានសំណើបញ្ជាទិញ ដោយសំណើនេះនឹងត្រូវអនុម័ត ជាមុនអំពីចំនួនដែលអាចផ្តល់ជូន ទើបអាចបង់ប្រាក់បាន។

សូមរង់ចាំការអនុម័តតាមលំដាប់អាទិភាព ក្រោយការអនុម័តលោកអ្នកនឹងទទួលបានសារបញ្ជាក់ អំពីចំនួនឧបករណ៍ដែលអាចផ្តល់ជូន និងនីតិវិធីដើម្បីទូទាត់ប្រាក់ ព្រមទាំងតេឡេក្រាមរបស់មន្ត្រីទទួលបន្ទុកលើសំណើរបស់អ្នកនៅពេលទូទាត់ប្រាក់រួចរាល់ លោកអ្នកនឹងទទួលបានសារបញ្ជាក់អំពីការបង់ប្រាក់

លោកអ្នកនឹងទទួលបានសារកំណត់អំពីកាលបរិច្ឆេទមកទទួលឧបករណ៍ នៅមណ្ឌលផ្តល់សេវាសាធារណៈ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ អ្នកបញ្ជាទិញមុននឹងទទួលបានឧបករណ៍មុន។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានបន្ថែមពេលវេលាសម្រាប់ការមកទទួលយកឧបករណ៍តេស្តរហ័សនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច។

អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕