(អាមេរិក)៖ នៅទីបំផុតក្រុមហ៊ុន Apple ពិតជាប្រកាសបង្ហាញ iPhone SE អេក្រង់៤អ៉ីង ដូចពាក្យចចាមអារ៉ាមពិតមែន ប៉ុន្តែលក្ខណៈពិសេសនោះគឺលើសពីការរំពឹងទុក នេះបើយោងតាមការចេញផ្សាយរបស់  Apple Insider ចេញផ្សាយនៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។

iPhone SE មានកាមេរ៉ាទំហំ ១២មេហ្គាភិចសែល អាចថតវីដេអូបានជាប្រភេទ 4K ដែលជាបច្ចេកវិទ្យាចុងក្រោយ។ ក្រៅពីនេះក្រុមហ៊ុន Apple បានអះអាងថា iPhone SE ដំណើរការលឿនជាង iPhone 5S រហូតដល់ ៥០ភាគរយ ជាមួយនឹងថ្មកាន់បានយូរជាងរហូតដល់ ៥ម៉ោង។

iPhone SE នេះ នឹងត្រូវចេញលក់នៅលើទីផ្សារនៅថ្ងៃទី៣១ ខែមីនាខាងមុខនេះ ជាមួយនឹងតម្លៃចាប់ពី៤០០ដុល្លារ​អាមេរិក ដោយអាចធ្វើការបញ្ជាទិញទុកជាមុនចាប់ពីថ្ងៃទី២៤ ខែមីនា ហើយសម្រាប់ទីផ្សារដែល Apple រំពឹងថា នឹងលក់ដាច់ជាងគេនោះគឺចិន ព្រោះកន្លងមកចិនជាទីផ្សារមួយដែលនិយមប្រើប្រាស់ស្មាតហ្វូនមានទំហំតូច ដូច្នេះហើយ​ទើប Apple សម្រេចផលិត iPhone SE ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារប្រទេសចិន៕