(ភ្នំពេញ)៖ ការិយាល័យ «កយកា-KOICA» ប្រចាំនៅកម្ពុជា នឹងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីរដ្ឋាភិបាលកម្ពុជាដែលត្រូវបានជ្រើសរើសសម្រាប់ការបណ្តុះបណ្តាលតាមប្រព័ន្ធអ៉ីនធឺណែត សម្រាប់ឆ្នាំទី២ នៃវគ្គបណ្ដុះបណ្ដាលរយៈពេល៣ឆ្នាំជាប់ៗគ្នា (២០២០-២០២២) ស្តីពី «ការបណ្តុះបណ្តាលការអភិវឌ្ឍបច្ចេកវិទ្យាវេចខ្ចប់ ដើម្បីបង្កើនផលិតភាពសហគ្រាសធុនតូចនិងមធ្យម»

វគ្គបណ្តុះបណ្តាលនេះនឹងត្រូវប្រព្រឹត្តឡើងតាមអ៉ិនធឺណែត ឬ តាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី១៤ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មានរយៈពេល១០ថ្ងៃ។

កយកា-KOICA ចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលតាមអ៉ិនធឺណែតនេះវិញ ដោយពិចារណាថា វានឹងមានការលំបាកក្នុងការអនុវត្តកម្មវិធីអញ្ជើញទៅបណ្តុះបណ្តាលដោយផ្ទាល់នៅប្រទេសកូរ៉េនៅក្នុងឆ្នាំ២០២១ ដោយសារស្ថានភាពជំងឺកូវីដ-១៩។ គោលបំណងនៃកម្មវិធីនេះ ដើម្បីកែលំអនាវនុវត្តន៍បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា តាមរយៈការណែនាំបច្ចេកវិទ្យាវេចខ្ចប់វេចខ្ចប់ទំនើបរបស់កូរ៉េ និងគោលនយោបាយពាក់ព័ន្ធផ្សេងៗទៀតរបស់ប្រទេសកូរ៉េ។

គួររំលឹកថាវគ្គបណ្តុះបណ្តាលឆ្នាំទី១ កាលពីឆ្នាំទៅ មានគោលបំណងស្វែងយល់អំពីនិន្នាការ និងបច្ចេកវិទ្យាឧស្សាហកម្មវេចខ្ចប់របស់កូរ៉េ ដើម្បីបង្កើតភាពជាដៃគូរវាងមន្រ្តីកូរ៉េ-កម្ពុជា លើឧស្សាហកម្មពាក់ព័ន្ធ។ វគ្គបណ្ដុះបណ្ដាលឆ្នាំទី២នៅឆ្នាំនេះ ត្រូវបានរៀបចំឡើងដើម្បីបណ្តុះបណ្តាលបច្ចេកវិទ្យាវេចខ្ចប់ជំនាញ ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រទេសកម្ពុជា។ ចុងក្រោយវគ្គបណ្ដុះបណ្ដាលឆ្នាំទី៣ នៅឆ្នាំក្រោយ នឹងណែនាំ និងអភិវឌ្ឍនាវានុវត្តន៍បច្ចេកវិជ្ជាវេចខ្ចប់ និងដើម្បីពិគ្រោះយោបល់ផ្នែកភ័ស្តុភារជឿនលឿន លើវិស័យជាក់លាក់ ដែលស្នើសុំដោយប្រទេសកម្ពុជា។

កម្មវិធីឆ្នាំនេះមានសិក្ខាកាមចូលរួមចំនួន២៣នាក់ មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នៃប្រទេសកម្ពុជា។ ក្នុងចំណោមសិក្ខាកាមទាំង ២៣នាក់ មានមន្ត្រីជាន់ខ្ពស់មួយចំនួនរួមមាន អគ្គនាយករង១រូប ប្រធាននាយកដ្ឋាន២រូប និងអនុប្រធាននាយកដ្ឋាន ៦ រូប ចូលរួមផងដែរ។

ដោយមានបេសកកម្មគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសជាដៃគូ កយកា-KOICA ធ្វើការលើផ្នែកបច្ចេកទេសជាច្រើនទៅលើកម្មវិធី និងគម្រោងផ្សេងៗ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដូចជាការកែលម្អអាហារូបត្ថម្ភ និងសុខុមាលភាពរបស់សិស្ស ពង្រឹងសមត្ថភាពគ្រូបង្រៀន សុខភាពសាធារណៈ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងនាវានុវត្ត។ លើសពីនេះទៀត កយកា បានបញ្ជូនអ្នកស្ម័គ្រចិត្តជាង ៧៦០នាក់ និងបានអញ្ជើញមន្រ្តីរដ្ឋាភិបាលប្រហែល៣១០០នាក់ ឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងកម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅប្រទេសកូរ៉េ។

រដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ ចំពោះតួនាទីឈានមុខរបស់កូរ៉េ ក្នុងវិស័យ ដូចជា ការវិនិយោគដោយផ្ទាល់ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេកវិទ្យាព័ត៌មានវិទ្យា សំណង់ ហិរញ្ញវត្ថុ និងអាជីវកម្មអាកាសចរណ៍ ដែលទាំងអស់នេះចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍនៅកម្ពុជា។ សាធារណរដ្ឋកូរ៉េប្តេជ្ញាចិត្តលើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការដ៏រឹងមាំទាំងនេះ ដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីរបស់យើងឈានដល់កម្រិតខ្ពស់មួយ៕