(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១២៩គ្រួសារ មកពីឃុំ ចំនួន៧ នៅស្រុកទឹកឈូ។ ពិធីនេះរៀបចំធ្វើឡើងនៅទីតាំងវត្តពោធិ៍ ក្នុងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

ថ្លែងក្នុងឱកាសនោះ លោក ជាវ តាយ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋ មកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត។ ជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែបានណែនាំដល់អាជ្ញាធរខេត្ត និងសាខាកាកបាទក្រហមនៅគ្រប់រាជធានី-ខេត្ត ឲ្យមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការជួយសង្គ្រោះ និងដោះស្រាយការលំបាក ដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងផលប៉ះពាល់ផ្សេងៗ ឱ្យបានទាន់ពេលវេលា និងគ្រប់កាលៈទេសៈ ដោយមិនត្រូវរើសអើង នូវជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺទីណាមានពលរដ្ឋជួបទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ឬអាជ្ញាធរ ចុះទៅដល់ទីនោះជាប់ជាប្រចាំ។

លោក ជាវ តាយ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តពិនិត្យមើលឱ្យបានច្បាស់លាស់នូវគ្រួសារដែលងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារកូវីដ១៩ ពិតប្រាកដ ដើម្បីជួយសង្គ្រោះដោះស្រាយជូនពួកគាត់ មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារ និងគ្មានការដោះស្រាយអ្វីឡើយ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា បើទោះបីអំណោយនាពេលនេះ មានចំនួនតិចតួចក្ដីមិនអាចឆ្លើយតបបានយូរអង្វែង ប៉ុន្តែអាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។ ប៉ុន្តែបញ្ហាសំខាន់ សូមបងប្អូន ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការអនាម័យថែរក្សាសុខភាពគ្រួសារ ឲ្យបានល្អ និងយកចិត្តទុកដាក់ បង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសារអោយបានកាន់តែប្រសើរឡើងថែមទៀត និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពគ្រួសារ និងបុគ្គលខ្លួនឯងឲ្យបានល្អ រស់នៅស្អាតហូបស្អាត ផឹកស្អាត និងបញ្ចៀសការបន្ទោរបង់ពាសវាលពាសកាល ដែលបង្កជាមេរោគប៉ះពាល់ដល់សុខភាពមនុស្សនិងសត្វ។ ហើយត្រូវសហការរួមគ្នាប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ លើបុគ្គល ក្រុមគ្រួសារ និងសហគមន៍ ដោយអនុវត្តន៍ឱ្យបានល្អនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានជាប្រចាំគ្រប់ៗគ្នា។

ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋខាងលើ លោកអភិបាលខេត្ត បាននាំយកអំណោយកាកបាទក្រហម ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន ១២៩គ្រួសារ មកពីឃុំចំនួន៧ នៅស្រុកទឹកឈូ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ និងថវិកា ២ម៉ឺនរៀល និងជូនថាវិកា ចំនួន៤៥ម៉ឺនរៀល ដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម គ្រូពេទ្យ និងកងកម្លាំងក្នុងមូលដ្ឋានផងដែរ៕