(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់, លោក ស៊ុយ ឌីម៉ង់ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកតាលោសែនជ័យ និងលោក ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត នាថ្ងៃអាទិត្យ ០២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសសេចក្តីសម្រេច តែងតាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា ស្រុកតាលោសែនជ័យ ចំនួន៣០រូប។

ពិធីនេះប្រារព្ធធ្វើនៅ ទីស្នាក់ការគណបក្សឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុក/ឃុំ និងលោក លោកស្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុក/ឃុំ ជាច្រើនរូបទៀត។

បន្ទាប់ពី លោក វង្ស សំអុល សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអាចសេចក្តីសម្រេច ស្តីពីការតែងតាំង មន្ត្រីស្នាក់ការគណបក្សស្រុកនោះរួចមក លោក សំណារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សស្រុក និងតំណាងឱ្យលោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សស្រុកតាលោសែនជ័យទាំងមូល បានប្តេជ្ញាចិត្ត៖

១-គោរពនូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់គណបក្ស និងផ្សព្វផ្សាយបន្ត
២-គោរពតាមឥតងាករេគ្រប់លក្ខខណ្ខ និងគោលនយោបាយ នៃការដឹកនាំរបស់គណបក្ស
៣-បន្តពង្រឹង និងពង្រីកបន្ថែម នូវសមាជិក សមាជិកា គណបក្សក្នុងមូលដ្ឋាន ពិសេសក្នុងស្រទាប់យុវជន ដែលជាអ្នកបន្តវេនជំនាន់ក្រោយ ឱ្យកាន់តែរឹងមាំ
៤-ខិតខំប្រឹងប្រែងបំពេញគ្រប់ការងារ និងផែនការដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានសម្រេច
៥-បន្តទទួលយកនូវរាល់សំណូមពរ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឱ្យទាន់ពេលវេលា ដោយរួមសុខរួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងនាមក្រុមគ្រួសារតែមួយ
៦-ធ្វើជាគម្រូល្អ ក្នុងការសាបព្រោះ ផ្សព្វផ្សាយអំពើល្អ របស់គណបក្ស ទៅកាន់មហាជន និងយុវជន
៧-បន្តពង្រឹងសាមគ្គីភាពជាធ្លុងមួយ និងឯកភាពការងារផ្ទៃក្នុងរបស់គណបក្សឱ្យកាន់តែរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដោយឈរលើគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ»
៨-រក្សាចាស់ បង្កើនថ្មី ដោយប្រើប្រាស់កម្លាំងសរុប ដើម្បីយកប្រៀបឈ្នះខាងនយោបាយ និងភាពជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខបន្តទៀត។

លោក ម៉ៅ ធនិន បានថ្លែងថាតួនាទីដែលផ្ដល់ជូននាពេលនេះ គឺជាអំរែក ម្ខាងរែករាស្រ្ត និងម្ខាងរែកច្បាប់។ នៅពេលដែលយើងទទួលបានតួនាទីហើយ ត្រូវធ្វើជាគំរូល្អដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងការដឹកនាំមូលដ្ឋាន ប្រកបដោយភាពថ្លៃថ្នូរ កុំឱ្យប្រជាពលរដ្ឋខកចិត្ត និងបាត់ជំនឿមកលើយើង។ ជាមួយគ្នានោះ ត្រូវមានវប្បធម៌ចែករំលែក នឹងត្រូវចងចាំពាក្យប៉ុន្មានឃ្លាថា «នៅពេលដែលយើងទទួលទានឆ្អែត យើងត្រូវស្រមៃឃើញអ្នកដែលកំពុងតែស្រេកឃ្លាន, នៅពេលយើងក្រយើងត្រូវរកឱ្យមាន នៅពេលដែលយើងមានយើងត្រូវជួយអ្នកក្រវិញ»

លោកក៏បានណែនាំ និងដាក់គោលដៅចំនួន៤ចំនុចធំៗ ដើម្បីឆ្ពោះទៅទទួលយកជ័យជំនះទៅថ្ងៃខាងមុខ៖

១-សូមឱ្យមានអ្នកប្រចាំការ នៅស្នាក់ការគណបក្សស្រុក/ឃុំ ដើម្បីរងចាំបំពេញតម្រូវការ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ
២-បេក្ខភាពឈរឈ្មោះ (ក្រុមប្រឹក្សាឃុំ) សូមពង្រឹង និងពង្រីកសមត្ថភាព ដោយយកតួនាទីទៅផ្សារភ្ជាប់នឹងសុខទុក្ខប្រជាពលរដ្ឋ
៣-បន្តចុះជាប់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ ពីជីវភាព បញ្ហាប្រឈម និងសុខទុក្ខពួកគាត់ ធ្វេីការដោះស្រាយ
៤-សូមជ្រេីសរេីស ភ្នាក់ងារសង្គេតការណ៍ កើតចេញពីកូនក្មួយយុវជនយើង ដែលមានសមត្ថភាព មានភាពត្រឹមត្រូវ ចេះច្បាប់ និងមានស្មារតី ឆន្ទះ ច្បាស់លាស់ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ នៅទីស្នាក់ការគណបក្សស្រុកភ្នំក្រវាញ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ ក៏បានរៀបចំពិធីប្រកាសសេចក្តីសម្រេច តែងតាំងមន្ត្រី ទីស្នាក់ការគណបក្សឃុំ ក្នុងស្រុកភ្នំក្រវាញ ចំនួន១៨រូប និងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ ស្រុកភ្នំក្រវាញផងដែរ៕