(ឧត្តរមានជ័យ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ជាច្រើននាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើដំណើរមកដល់ទឹកដីខេត្តឧត្តរមានជ័យហើយ ដើម្បីធ្វើសកម្មភាពចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ចាប់ពីថ្ងៃស្អែកនេះតទៅ។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅអគារសាលាខេត្តនារសៀលថ្ងៃនេះ លោក ប៉ែន កុសល្យ បានថ្លែងនូវការសារទរចំពោះវត្តមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានធ្វើដំណើរមកកាន់ខេត្តឧត្តរមានជ័យ ដើម្បីធ្វើសកម្មភាពចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅថ្ងៃស្អែកនេះ ហើយក្នុងនាមអាជ្ញាធរខេត្ត លោកបានរៀបចំចាត់ចែងកន្លែងស្នាក់នៅ និងទទួលការហូបចុកផងដែរ។

សូមបញ្ជាក់ដែរថា ដើម្បីត្រៀមរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងខេត្ត រដ្ឋបាលខេត្តបានដាក់ទីតាំងចំនួន៣៤ មណ្ឌលទូទាំងខេត្ត ដោយក្រុង-ស្រុកនីមួយៗរួមមាន៖ ក្រុងសំរោង មានចំនួន៨ មណ្ឌល, ស្រុកត្រពាំងប្រាសាទ មានចំនួន៨ មណ្ឌល, ស្រុកអន្លង់វែង មានចំនួន៦ មណ្ឌល, ស្រុកបន្ទាយអំពិល មានចំនួន៨ មណ្ឌល និងស្រុកចុងកាល់ មានចំនួន៤ មណ្ឌលផងដែរ៕