(ភ្នំពេញ)៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅរសៀល​ថ្ងៃចន្ទ ទី ២១ ខែ មីនា ឆ្នាំ ២០១៦ បានបើកសវនាការជំនុំជម្រះ ទៅលើតារា Facebook ឈ្មោះ ផែង វណ្ណៈ និងឈ្មោះ ហង្ស បូរី ពីបទ «ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហាកេរ្តិ៍​ជា​សាធារណៈ» ទៅលើលោកស្រីឧកញ៉ា កែវ ម៉ាលី ជា​សមាជិក​ព្រឹ​ទ្ឋ​សភា និងជា​ម្ចាស់​ខុន​ដូ​វិមាន​ចរណៃ និង​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក សុជាតិ តាម​ Facebook ប្រព្រឹត្ត​នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ កក្កដា និងសីហា ឆ្នាំ២០១៥។  

លោកចៅក្រម តុប ឈុនហេង បាន​ថ្លែង​ឲ្យដឹង​នៅក្នុង​អង្គ​សវនាការ​ថា៖ ជនជាប់ចោទ​​ទាំង២នាក់​នេះ មានឈ្មោះ ផែង វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ ហង្ស បូរី ភេទស្រី អាយុ ៥៤ឆ្នាំ ។ ជនជាប់ចោទ​ទាំង២នាក់​នេះ ត្រូវបាន​តំណាង​អយ្យការ ចោទប្រកាន់​ពីបទ «ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហាកេរ្តិ៍​ជា​សាធារណៈ» តាមបញ្ញាតិមាត្រា ៣០៥ នៃ ក្រមព្រហ្មទណ្ឌ កម្ពុជា។ ជនជាប់ចោទត្រូវបានប្តឹង​ដោយ លោកស្រី​ឧកញ៉ា កែវ ម៉ាលី ជា​សមាជិក​ព្រឹ​ទ្ឋ​សភា និងជា​ម្ចាស់​ខុន​ដូ​វិមាន​ចរណៃ ដែលមាន​សំណុំរឿង​ចុះបញ្ជី​នៅតុលាការ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥។

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម នៃសំណុំរឿង​ក្តី​នេះ នៅ​រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។

សូមជំរាបថា លោក ផែង វណ្ណៈ ដែលគេដឹងថា ជាតារា Facebook ម្នាក់លើការរិះគន់ និងវាយប្រហារ គណបក្សប្រឆាំងនោះ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ បានចូលទៅបំភ្លឺនៅសាលា​ដំបូងរាជធានីភ្នំពេញម្តងទៀត តបតាមពាក្យបណ្តឹងរបស់លោកស្រី កែវ ម៉ាលី សមាជិកព្រឹទ្ធសភា ដែលបានប្តឹងលោកពីបទ «បរិហារករ្តិ៍»។

លោក ផែង វណ្ណៈ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះថា «នៅរសៀលថ្ងៃនេះ ខ្ញុំឡើងតុលាការសារជាថ្មីតាមពាក្យបណ្តឹង របស់លោកជំទាវ កែវ ម៉ាលី ដែលបានប្តឹងខ្ញុំ ពីបទបរិហារកេរ្តិ៍ តាមរយៈការផ្សាយបន្តពីលោក ព្រំ សាន ជុំវិញរឿងរ៉ាវទំនាក់ទំនងស្នេហារ វាងលោកជំទាវ និងលោកឧត្តមសេនីយ៍ សៀក សុជាតិ»

សម្រាប់លោក ផែង វណ្ណៈ នៅតែអះអាងថា លោកមិនបានធ្វើអ្វីខុសនោះទេ ហើយលោកស្រី កែវ ម៉ាលី ក៏បានប្តឹងលោកម្តងរួចមកហើយ ប៉ុន្តែត្រូវបានតុលាការសម្រេចឲ្យកាត់របៀប ស្រាប់តែពេល​នេះគាត់ប្តឹងម្តងទៀត។

យ៉ាងណាក៏ដោយ អ្នកប្រើបណ្តាញសង្គមដ៏ល្បីឈ្មោះរូបនេះ មានជំនឿថា តុលាការនឹងសម្រេចប្រកបដោយសុភវិនិច្ឆ័យ ផ្តល់យុតិ្តធម៌ជូនលោកជាក់ជាតិមិនខានឡើយ។ ជុំរឿងបណ្តឹងខាងលើនេះ​អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយបាននៅឡើយទេ ពីលោកស្រី កែវ ម៉ាលី ពីព្រោះគ្មានលេខទាក់ទង៕