(​ឡា​ហាវ៉ាន់​)៖ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ាក់ អូ​ម៉ា និង​ភរិយា​បាន​មក​ដល់​គុយបា​ជា​លើកដំបូង ក្នុងនាម​ជា​មេដឹកនាំ​អាមេរិក ដែល​មិន​ធ្លាប់​ជាន់ដី​កោះ​នេះ​អស់​រយៈពេល​ជាង​៨០​ឆ្នាំ​មកហើយ​។ នេះ​បើ​តាម​ការ ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែ​មីនា ឆ្នាំ​២០១៦​។

​ទស្សនកិច្ច​របស់​លោក អូ​បា​ម៉ា និង លោកស្រី​មី​ឆែ​ល មក​កាន់​ទីក្រុង​ឡា​ហាវ៉ាន់ ត្រូវបាន​ក្រុម​អ្នកតាមដាន​នានា លើកឡើងថា ជា​ឱកាស​ដែល​គុយបា អាច​រួចផុត​ពី​ទណ្ឌកម្ម​ពី​អតីតកាល និង បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ ឡើងវិញ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​។ មក​ដល់​គុយបា​ថ្ងៃ​ដំបូង លោក អូ​បា​ម៉ា បាន​ជួបពិភាក្សា​ត​ទល់​នឹង​លោក រ៉ា​អ៊ូ​ល ខា​ស្ត្រូ ប្រធានាធិបតី​របស់​ប្រទេស​គុយបា​។​

​គួរបញ្ជាក់​ថា អតីត​សត្រូវ​ទាំងពីរ​បាន ចាប់ផ្តើម​គិតគូ​លើ​កិច្ចព្រមព្រៀង​វិស័យ​សេដ្ឋកិច្ច​ជាង ១០​គម្រោង ដូចជា ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ​, ការ​រុក​រុក​ប្រេង និង​ហ្គាស​, វិស័យ​ទេសចរណ៍​, និង ពាណិជ្ជកម្ម​ជា​ទូទៅ​រវាង​ប្រទេស​ទាំង​ពីរ​។ លោក អូ​បា​ម៉ា ត្រូវបាន​គេ​រំពឹងថា​នឹង​បង្ហាញ​ខ្លួន​ក្នុង សន្និសីទ​សារព័ត៌មាន​ដ៏​ធំ​មួយ​នៅ​ឡា​ហាវ៉ាន់ ដើម្បី​ឆ្លើយតប​រាល់​សំនួរ​របស់​ក្រុម​អ្នកសារព័ត៌មាន​៕​