(​ភ្នំពេញ​)៖ ក្រសួង​សុខាភិបាល និង​ក្រុមហ៊ុន​យូនីលីវើ នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦​នេះ បាន​ប្រារព្ធ​ទិវា​សុខភាព​មាត់​ធ្មេញ​ពិភពលោក​ក្រោម ប្រធានបទ «​សុខភាព​មាត់​ធ្មេញ​ល្អ រាងកាយ​មាំមួន​» ដើម្បី​បញ្ជ្រៀប​ឲ្យ​កុមារ និង​អាណា​ព្យាបាល​ទទួល​ពី​សារៈ​សំខាន់​នៃ​ការ​ដុសធ្មេញ​មួយ​ថ្ងៃ​ពីរ​ដង ក្នុង​ការលើកកម្ពស់​សុ​ខ​ភាព​មាត់​ធ្មេញ ក៏ដូចជា​សុខភាព​រាងកាយ​ទូទៅ​។​

​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោក អេង ហួត បាន​ថ្លែងថា នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​កម្ពុជា បាន​ចូលរួម​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​ទៀត ក្នុង​ពិភពលោក ប្រារព្ធ​ទិវា​សុខភាព​មាត់​ធ្មេញ​នេះ ហើយ​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​កន្លង​មក​ឲ្យដឹងថា បញ្ហា​មាត់​ធ្មេញ​ជា​បញ្ហា​ធំ​មួយ ដែល​ត្រូវ​ការយកចិត្តទុកដាក់​តាមដាន និង​ដោះស្រាយ​ក្នុង​រយៈពេល​វែង​មិន​កំណត់​។ ក្រៅពី​ប៉ះពាល់​ដល់​សម្រស់ បញ្ហា​សុខភាព​មាត់​ធ្មេញ ក៏​បាន​បង្ក​ឲ្យមាន​ជំងឺ​ផ្សេងៗ​ជាច្រើន ហើយ​ជំងឺ​រ៉ាំរ៉ៃ​ប្រមាណ ៨០​ភាគរយ បង្កឡើង​ដោយ​សុខភាព​មាត់​ធ្មេញ​មិនល្អ ហើយ​ដូច្នេះ ការថែទាំ​ធ្មេញ​ឲ្យ​ល្អ និង​រឹងមាំ​គឺ​សំខាន់​ខ្លាំងណាស់ ។​

​លោក Fredy Ong អភិបាល​ក្រុមហ៊ុន យូនីលីវើ​ប្រចាំ​កម្ពុជា និង​ឡាវ បានឲ្យដឹងថា ចក្ខុវិស័យ​របស់​ក្រុមហ៊ុន គឺ​ជួយ​លើកកម្ពស់​សុខភាព​មាត់​ធ្មេញ​របស់​កុមារ និង​ឪពុក​ម្ដាយ​ចំនួន ១០០ លាន​នាក់​ទូទាំង​ពិភពលោក ត្រឹម​ឆ្នាំ​២០២០ តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​អំពី​សុខភាព​មាត់​ធ្មេញ​។ ចំពោះ​កម្ពុជា​វិញ ក្រុមហ៊ុន មាន​គម្រោង​ថា​នឹង​លើកកម្ពស់​សុខភាព​មាត់​ធ្មេញ ដល់​ប្រជាជន​កម្ពុជា​ឲ្យបាន ៣​លាន​គ្រួសារ គិត​ត្រឹម​ឆ្នាំ ២០២០​។​

​លោក​បាន​បន្ដថា នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​យូនីលីវើ គ្រោង​ចំណាយ​ថវិកា​ជាង ២៤​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​យុទ្ធនាការ​លើកកម្ពស់​សុ​ខ​ភាព​មាត់​ធ្មេញ​នៅ​កម្ពុជា​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​មេសា ហើយ​ក្នុង​អំឡុង​ពេល​នេះ ក្រុមការងារ​របស់​ក្រុមហ៊ុន និង​ទន្តពេទ្យ​ស្ម័គ្រចិត្ត នឹង​ចុះ​ទៅ​ធ្វើ​ការអប់រំ ពិនិត្យ និង​ព្យ​បាល​សុខភាព​មាត់​ធ្មេញ​ជូន​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ចំនួន ៤៨៩.២០០​នាក់​។ ទន្ទឹមនឹងនេះ ក្រុមការងារ​នឹង​ចែក​ជូន​នូវ​ថ្នាំដុសធ្មេញ​ម៉ាក ស៊ី​កណល ចំនួន ៤៨៩.២០០​ដើម និង​ច្រាស​ដុសធ្មេញ​ម៉ាក ស៊ី​កណល ៨៩.២០០​ច្រាស ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​លោក​បន្ថែមថា «​យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ប្រារព្ធ​ទិវា​សុខភាព​មាត់​ធ្មេញ​ពិភពលោក ក្នុងថ្ងៃនេះ នឹង​ផ្ដល់​នូវ​វិភាគទាន​វិជ្ជមាន​យ៉ាងច្រើន​បន្ថែម​ទៀត​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ និង​សង្គម​ទាំងមូល​ក្នុង​ការលើកកម្ពស់​អនាម័យ​មាត់​ធ្មេញ​ផ្ទាល់ខ្លួន និង​ជា​ពិសេស​ចូលរួម​ក្នុង​ការកាត់បន្ថយ​ការចំណាយ​ពេលវេលា និង​ថវិកា​ក្នុង​ការព្យាបាល​ជំងឺ​ដែល​បណ្ដាល​មកពី​បញ្ហា​មាត់​ធ្មេញ ដោយ​គ្រាន់តែ​អនុវត្ត​នូវ​វិធី​ងាយៗ គឺ​ធ្វើការ​ដុស​សម្អាត​ធ្មេញ​ឲ្យបាន​មួយថ្ងៃ ២​ដង រៀង​រាល់​ពេល​ព្រឹក និង​ពេល​ល្ងាច ឬ​ពេល​យប់​មុន​ចូល​គេង​ឲ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់ ដើម្បី​ការពារ​យើង​ពី​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​»​។​

​គួរបញ្ជាក់​ថា ការសិក្សា​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ដែរ​ថា ជាង ៩០​ភាគរយ នៃ​កុមារ​អាយុ ៦​ឆ្នាំ និង ៨០​ភាគរយ​នៃ​មនុស្សពេញវ័យ អាយុ​ពី ១៥​ដល់ ៤៥​ឆ្នាំ មាន​ជំងឺ​ពុក​ធ្មេញ​។ ទិន្នន័យ​ក៏​បាន​បង្ហាញ​ផងដែរ​ថា ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទម្លាប់​ដុសធ្មេញ ២​ដង​ក្នុង​មួយថ្ងៃ មាន​ត្រឹមតែ ៥០​ភាគរយ​ប៉ុណ្ណោះ​៕​