(កោះកុង)៖ ដោយបានអនុវត្តន៍តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងក្រោមការចង្អុលបង្ហាញរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិចាំយាម បានរៀបចំទីតាំងធ្វើតេស្តរហ័ស ទៅលើអ្នកបើកបរជនជាតិថៃដឹកទំនិញឆ្លងតាក់ព្រំដែនពីប្រទេសថៃចូលមកកម្ពុជា និងភ្ញៀវជាតិអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារអន្តរជាតិរវាងខេត្តកោះកុង ខេត្តត្រាត ប្រទេសថៃ ស្ថិតនៅស្រុកមណ្ឌលសីមាខេត្តកោះកុងហាលិក។

លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិចាំយាម ស្រុមណ្ឌលសីមាហាលិក បានលើកឡើង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះថា នៅតាមទីស្នាក់ការច្រកទ្វារអន្តរជាតិចាំយាមហាលិក សមត្ថកិច្ចប្រចាំការ២៤ម៉ោង គ្រប់អង្គភាពមានការទំនាក់ទំនងគ្នាបានល្អ ដោយមិនមានការធ្វេសប្រហែសឡើយ ហើយគ្រប់អង្គភាពមានវិធានការខ្ពស់ ក្នុងការរឹតបណ្តឹងចំពោះទីតាំងរបស់ខ្លួន ដែលឈរជើងប្រចាំបុស្តិ៍ នីមួយៗទាំងផ្លូវទឹក ទាំងផ្លូវគោក។

លោក សុវណ្ណ ប៊ុនធឿន បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមលោកគ្រូពេទ្យបានធ្វើតេស្តរហ័សទៅលើអ្នកបើកបរដឹកទំនិញឆ្លង ដែនចំនួន ១៣២៩នាក់ ធ្វើតេស្តរហ័សរកឃើញវិជ្ជមាន កូវីដចំនួន ១១នាក់ ជាជនជាតិថៃ ហើយអ្នកមានវិជ្ជមានសមត្ថកិច្ច មិនអនុញ្ញាតឲ្យឆ្លងទៅឆ្លងចូលទឹកដីខេត្តកោះកុងទេ ដោយក្រុមការងារលោកបានទំនាក់ទំនងឲ្យអាជ្ញាធរ និងក្រុមគ្រូពេទ្យប្រទេសថៃ យកគាត់វិលត្រឡប់ចូល ប្រទេសថៃវិញ ទាំងរថយន្តទំនិញ និងមនុស្សដើម្បីធ្វើការព្យាបាល៕