(កំពង់ចាម)៖ ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានបន្តដឹកនាំសមាជិក នាំយកអំណោយមួយចំនួនមានដូចជា សម្លៀកបំពាក់ពេទ្យ ម៉ាស អាល់កុល ទឹកសុទ្ធ និងថ្នាំបុរាណចិន ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។

ពិធីប្រគល់និងទទួលបានធ្វើឡើងនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ហើយក្នុងចំណោមសម្ភារៈទាំងអស់ គឺសមាគមស្បែកជើងកម្ពុជា បានឧបត្ថម្ភជូនរដ្ឋបាលខេត្តកំពង់ចាម នូវសម្លៀកបំពាក់ពេទ្យ PPE ចំនួន ២,០០០ឈុត ម៉ាសចំនួន ១២,៥០០បន្ទះ ថ្នាំបុរាណាចិន ៤០០ប្រអប់ ព្រមទាំងអាល់កុល និងទឹកសុទ្ធមួយចំនួនផងដែរ។

សម្រាប់កំពង់ចាម ក្រៅពីសមាគមស្បែកជើងកម្ពុជា ក៏មានអ្នកឧបត្ថម្ភបន្ថែមដូចជា រោងចក្រ វ៉ា ឡុង (ខេមបូឌា) ហ៊្វូតវែរ អ៉ិនដាសស្ទ្រី ឯ.ក
ដែលបានផ្តល់នូវស្រោមដៃពេទ្យចំនួន ១០០០ ប្រអប់ និងរោងចក្រ ស៉ីភីស៉ីជី អ៉ិនធើណេសិនណល ដែលបានផ្តល់ជូននូវសម្លៀកបំពាក់ពេទ្យចំនួន ៥០ឈុត ហើយអាល់កុល ៥ កាន ព្រមទាំងរោងចក្រ កាលីងតុន ដែលឧបត្ថម្ភនូវទឹកសុទ្ធ ១០កេស ខណៈរោងចក្រ ជូ ហួយ ហ៊្វួត វែរ ផ្តល់ជូនអាល់កុល ១០កាន។

សូមជម្រាបថា សមាគមស្បែកជើងកម្ពុជា តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ដែលទទួលរងគ្រោះដោយសារជំងឺកូវីដ១៩ តាមរយៈរូបភាពផ្សេងៗកន្លងមកនេះ៕