(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋចំនួន២៥០គ្រួសារ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ពីមូលនិធិ រ៉ក់ កម្ពុជា (Rock Foundation Cambodia) ជូនដល់ប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ ក្នុងមូលដ្ឋានសង្កាត់ទាំង០៧ ក្នុងខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។

ពិធីចែកអំណោយប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងលោក ប្រេដ មេដលីន ប្រធានមូលនិធិ រ៉ក់ កម្ពុជា (Mr. BRETT MEDLIN, Executive Director of Rock Foundation Cambodia) ដើម្បីរួមចំណែកក្នុងការងារសង្គមកិច្ច និងមនុស្សធម៌ តាមរយៈសកម្មភាពរបស់រដ្ឋបាលខណ្ឌបឹងកេងកង។

ខណៈចុះនាំយកស្បៀងអាហារ នាឱកាសនោះ លោក ធឹម សំអាន បានស្នើដល់ប្រជាពលរដ្ឋបន្តអនុវត្តន៍ តាមការណែនាំនូវវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានោះ លោក ធឹម សំអាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដោយបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមអត់ធ្មត់ រស់នៅដោយរក្សាគម្លាតបន្តមួយរយៈទៀត ដើម្បីឱ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ១៩ និងសូមចូលរួមអនុវត្តឱ្យបាននូវវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់កូវីដ១៩ ផងដែរ។

ក្នុងឱកាសនោះដែរលោក ធឹម សំអាន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលជានិច្ចកាលលោកតែងគិតគូរ យកចិត្តទុកដាក់ ចំពោះស្បៀងអាហារដល់ប្រជាពលរដ្ឋនៅតាមទីតាំងនានាក្នុងរាជធានី។

ប្រជាជនទាំង២៥០គ្រួសារខាងលើនោះ គឺពួកគាត់មានទឹកចិត្តសប្បាយរីករាយជាខ្លាំង ខណៈបានទទួលអំណោយទុកដោះស្រាយជីវភាពប្រចាំថ្ងៃនាសម័យកូវីដ១៩ និងសូមអរគុណដល់លោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន និងម្ចាស់អំណោយដែលបានផ្ដល់អំណោយដល់ពួកគាត់នាពេលនេះ៕