(កំពង់ចាម)៖ នៅក្នុងពិធីចែកអំណោយគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ២០០គ្រួសារ នៅសាលាស្រុកស្ទឹងត្រង់ថ្ងៃទី១០ ខែកក្កដាឆ្នាំ ២០២១នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម នឹងត្រូវបិទបញ្ចប់ ក្នុងកំឡុងពេលពាក់កណ្ដាលខែសីហា ឆ្នាំ២០២១ខាងមុខនេះ។

លោកអភិបាលខេត្ត បានបន្តថា បន្ទាប់ពីបានទទួលវ៉ាក់សាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលខេត្ត បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួនជាង ៣០ម៉ឺននាក់ នៃស្រុកចំនួន៤ និងក្រុង១ បានសម្រេចលទ្ធផលប្រមាណ៨០%ហើយ។

ដោយឡែក នៅស្រុកចំនួន៥ទៀត ដែលមានប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ ដែលរដ្ឋបាលខេត្ត និងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូន នៅក្នុងសប្តាហ៍ក្រោយ ដែលនឹងត្រូវប្រើប្រាស់វ៉ាក់សាំងជិត ១លានដូសទៀត ហើយយុទ្ធនាការនេះដែរនឹងត្រូវបិទបញ្ចប់នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២១។

ស្ថិតក្នុងឱកាសនោះដែរលោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់អ្នកចូលរួមទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារថែរក្សាសុខភាពរបស់ខ្លួន ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល « ៣ការពារ ៣កុំ និង ២ចូលរួម» ដើម្បីជៀសឱ្យផុតពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ៕