(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិន នៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានបន្តឧបត្ថម្ភម៉ាស់ពេទ្យ ចំនួន៣ម៉ឺនម៉ាស សម្រាប់គាំទ្រដល់សកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិន ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងសកម្មភាពមនុស្សធម៌ផ្សេងទៀត របស់សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន។

ការឧបត្ថម្ភនេះ ធ្វើឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

លោក អ៊ុំ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនកម្ពុជា-ចិន បានឲ្យដឹងថា នេះជាលើកទី២ហើយ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងការឧបត្ថម្ភម៉ាស់ពេទ្យគុណភាពល្អ សម្រាប់គាំទ្រសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 និងសកម្មភាពមនុស្សធម៌ ដែលរៀបចំដោយសមាគមនិស្សិត ACSC។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនកម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ដែលមានសមាជិកសរុប ៧៥នាក់ បែងចែកជា៧ក្រុម ដើម្បីចូលរួមយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ Sinopharm និង Sinovac ជូនប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ (១ទីតាំង) ខណ្ឌសែនសុខ (៣ទីតាំង) និងខណ្ឌជ្រោយចង្វារ (១ទីតាំង) សរុបប្រមាណ៤ម៉ឺននាក់។

ទន្ទឹមគ្នានេះដែរ លោក អ៊ុំ វុទ្ធទី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនកម្ពុជា-ចិន បានបន្តថា «ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងខ្ញុំ ពិតជាមោទនភាពណាស់ដែលបានចូលរួមក្នុងបុព្វហេតុជាតិ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-19 ដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋជាតិ និងអន្តរជាតិទូទាំងប្រទេស ដែលជាយន្តការរបស់សម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចួលរួមសម្រាលបន្ទុករបស់រាជារដ្ឋាភិបាលកម្ពុជាយើងផងដែរ»។

លោកបន្តថា ប្រជាពលរដ្ឋខ្មែរ និងបរទេស ទាំងចាស់ទាំងក្មេង បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដោយស្ម័គ្រចិត្ត និងក្តីសប្បាយរីករាយ។

សមាគមនិស្សិត ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីឲ្យប្រជាពលរដ្ឋបន្សុំខ្លួន ក្នុងទប់ស្កាត់ការឆ្លងរាលត្បាតជំងឺផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ។ ជាពិសេសក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋប្រមាណ១០លាននាក់ នឹងបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕