(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងថ្នាក់ដឹកនាំមួយចំនួនទៀត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាល ជាមួយអង្កបោះឆ្នោតនៃសង្កាត់ទាំងបី ដែលកាត់ចេញពីស្រុកទឹកឈូ បង្កើតជាក្រុងបូកគោថ្មី តាមអនុក្រឹត្យលេខ៣៨ អនក្រ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដែលប្រព្រឹត្តឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងឱកាសនោះ លោក ជាវ តាយ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានពាំនាំផ្ដាំផ្ញើរការសួរសុខទុក្ខរបស់លោកបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានក្រុមការងារថ្នាក់កណ្ដាល គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពត និងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត ជូនចំពោះថ្នាក់ដឹកនាំគណបក្សក្នុងមូលដ្ឋាន ពិសេសសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំងបី នៃអង្គបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលប្រព្រឹត្តនាពេលខាងមុខនេះ។

លោក ជាវ តាយ បានបញ្ជាក់ថា ជានិច្ចកាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពញាចក្រី ហេង សំរិន និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងជំរុញការអភិវឌ្ឍន៍មូលដ្ឋាន ឱ្យបានរីកចម្រើនជាបន្តបន្ទាប់។

លោក ជាវ តាយ បានបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោខេត្តកំពត ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ រួមមានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន៤៖

ទី១៖ គណបក្សប្រជាជនកម្ពុជា
ទី២៖ គណបក្សយុវជនកម្ពុជា
ទី៣៖ គណបក្សសញ្ជាតិកម្ពុជា
និងទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច។

ទន្ទឹមនេះ លោក ជាវ តាយ ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវបង្កើនថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ។ ពិសេសសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង១៧រូប ក្នុងសង្កាត់ទាំងបី ដែលជាអង្គបោះឆ្នោតត្រូវត្រៀមលក្ខណៈសម្បត្តិ ឯកសារឱ្យបានគ្រប់គ្រាន់ និងថែរក្សាសុខភាពឱ្យបានល្អ សម្រាប់ត្រៀមការបោះឆ្នោតនៅពេលដ៏ខ្លីខាងមុខនេះ។

លោកនឹងសម្ដែងការសង្ឃឹមចំពោះ លទ្ធផលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នាពេលខាងមុខនេះ ពិតជានឹងទទួលបានលទ្ធផលជោគជ័យជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តកិច្ចអភិវឌ្ឍមូលដ្ឋានឱ្យបានកាន់តែរីកចម្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

លោក ជាវ តាយ បានបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ សម្រាប់ខេត្តកំពត មានការគ្រប់គ្រងបានល្អ ដោយមានការយកចិត្តទុកដាក់ចូលរួមសហការពីថ្នាក់ដឹកនាំ អាជ្ញាធរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ សប្បុរសជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គឺមិនមានអ្នកឆ្លង ឬបណ្ដាលឱ្យមនុស្សស្លាប់ច្រើននោះទេ ពាក់ព័ន្ធជុំវិញជំងឺកូវីដ១៩នោះ។ ប៉ុន្តែក្នុងដំណាក់កាលចុងក្រោយនេះ មានការឆ្លងយ៉ាងគំហុក ផ្ទុះឡើងនៅក្នុងកាស៊ីណូ តន់ហន់ រួមនិងក្លឹបកំសាន្តមួយចំនួនទៀតក្នុងខេត្ត ត្រូវបានថ្នាក់ដឹកនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជំនាញមានការបារម្ភណ៍ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ប៉ុន្តែទោះបីយ៉ាងណានោះ បច្ចុប្បន្នការឆ្លងរាលដាលមានការធូរស្បើយថយចុះបន្តបន្ទាប់។

ក្នុងឱកាសនោះដែរ លោក ជាវ តាយ បានជូនថវិកា សរុបចំនួន ១,៧០០ដុល្លារ ដល់អង្កបោះឆ្នោតទាំង១៧រូប ក្នុងម្នាក់ ១០០ដុល្លារ៕