(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៤លានដូសថែមទៀត នឹងដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាបន្តទៀត។

បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងដែលដឹកនាំមកដល់នៅថ្ងៃស្អែកនេះ មានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣លានដូស និងវ៉ាក់សាំងស៊ីណូហ្វាម ១លានដូស។ លោកស្រី បានបញ្ជាក់ថា វ៉ាក់សាំង៤លានដូសនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។

គិតចាប់តាំងពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន ១២លានដូសរួចហើយ។ ក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាមជាជំនួយរបស់ចិន មានចំនួន ២.២លានដូស, វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ចំនួន ៣២៤,០០០ដូស និងវ៉ាក់សាំងចំនួន ៩.៥លានដូស ជាការបញ្ជាទិញរបស់កម្ពុជា ពីប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសថ្លែងសារពិសេស កាលពីថ្ងៃទី០១ ខែកក្កដា បានឱ្យដឹងថា នៅខែកក្កដា និងខែសីហា ឆ្នាំ២០២១នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៩លានដូសពីប្រទេសចិន ដែលជាចំនួនវ៉ាក់សាំងគម្រប់ ២០លានដូសតាមផែនការដែលរាជរដ្ឋាភិបាលស្វះស្វែងរក ដើម្បីចាក់ជូនប្រជាពលរដ្ឋ។

វ៉ាក់សាំង គឺឧបករណ៍យុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។

គិតត្រឹមថ្ងៃទី០៩ ខែកក្កដា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសនៅកម្ពុជា បានចំនួនជាង ៤.៧៩លាននាក់ហើយ ស្មើនឹងជាង ៤៧.៩៣ភាគរយ នៃចំនួនប្រជាពលរដ្ឋត្រូវចាក់ក្នុងផែនការ។

លទ្ធផលដែលសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុករដ្ឋាភិបាលចិន គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាមួយលើកម្មវិធីចាក់វ៉ាក់សាំង។

សម្តេចតេជោ បានលើកឡើងថា បើគ្មានការជួយគាំទ្ររបស់ចិនទេនោះ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមិនបាន ២០ម៉ឺននាក់នោះឡើយ។ កាលពីថ្ងៃទី០១ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកចិត្តធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជាផងដែរ៕