(បន្ទាយមានជ័យ)៖ ខេត្តបន្ទាយមានជ័យ នឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះហើយ។ កងកម្លាំងយោធាទិសទី១ យោធភូមិភាគទី៥ ទទួលបានបានភារកិច្ចរ៉ាប់រងចាក់វ៉ាក់សាំងនៅគោលដៅចំនួន៨ ក្នុងក្រុងសិរីសោភណ្ឌ។

មុនការឈានមកដល់នូវប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ បានចុះពិនិត្យកងកម្លាំង ដែលបានត្រៀមខ្លួនសម្រាប់បំពេញការងារចាក់វ៉ាក់សាំងនេះ ព្រមទាំងបានប្រគល់នូវរបាំងការពារចំនួន ៩១របាំង។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា ប្រតិបត្តិការចាក់វ៉ាក់សាំងនេះ គឺជាកិច្ចការដ៏សំខាន់សម្រាប់កងកម្លាំងរបស់លោក ដែលត្រូវយកចិត្តទុកដាក់ ដើម្បីសម្រេចឱ្យបានតាមផែនការរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់វ៉ាក់សាំងជូប្រជាពលរដ្ឋ។

លោកបន្តថា ដើម្បីសម្រេចភារកិច្ចនេះឱ្យបានល្អប្រសើរនោះ យោធភូមិភាគទី៥ បានត្រៀមខ្លួនរួចរាល់ទាំងកងកម្លាំង មធ្យោបាយ និងសម្ភារ គិតមកត្រឹមល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ។

បើតាមលោកឧត្តមសេនីយ៍ទោ សេង ធារិន ក្រៅតែពីការទទួលបន្ទុកចាក់នៅគោលដៅទាំង៨ដែលបានកំណើតហើយនោះ យោធភូមិភាគទី៥ ក៏បានរៀបចំរថយន្តចល័តចំនួនពីរគ្រឿង សម្រាប់ចល័តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា ការប្រើរថយន្តចល័តនេះ ដើម្បីចល័តចូលទៅចាក់កៀកតំបន់ដែលប្រជាពលរដ្ឋរស់នៅ ជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលអាចជួយឱ្យការចាក់វ៉ាក់សាំងបានលឿន និងឆាប់បានរួចរាល់តាមផែនការ។

ជាមួយនឹងឈានចូលសមរភូមិចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានផ្តាំផ្ញើដល់មេបញ្ជាការដឹកនាំក្រុមការងារនីមួយៗ ឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់លើភារកិច្ចក្នុងការចាក់វ៉ាក់សាំង និងត្រូវមានក្រមសីលធម៌ឱ្យបានខ្ពស់ជាមួយប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង។ បន្ថែមពីលើនោះត្រូវណែនាំប្រជាពលរដ្ឋអនុវត្តឱ្យបានត្រឹមតាមការរៀបចំ និងវិធានសុខាភិបាល ដើម្បីកុំឱ្យមានការចម្លងជំងឺនៅកន្លែងចាក់វ៉ាក់សាំង។

លោកឧត្តមសេនីយ៍ទោ ក៏បានក្រើនរំលឹកផងដែរដល់ក្រុមការងារប្រយ័ត្នឱ្យបានខ្ពស់ក្នុងការថែទាំ និងការពារសុខភាព ដោយអនុវត្តន៍តាមវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩៕