(កំពង់ចាម)៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានធ្វើតេស្តរហ័ស (Rapid test) ជូនដល់កងកម្លាំងទាំងអស់ គិតចាប់ពីថ្នាក់ដឹកនាំមាន ស្នងការ, ស្នងការរង អនុប្រធានផែន, នាយ-នាយរងការិយាល័យរហូត ដល់មន្ត្រីគ្រប់ផែន, គ្រប់ការិយាល័យទាំងអស់ និងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងបន្ដអនុវត្ដឲ្យបានគ្រប់អធិការដ្ឋានស្រុកទាំង០៩ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះ។

គួរបញ្ជាក់ថា ចាប់តាំងពីមុន និងក្រោយព្រឹត្តិការណ៍២០កុម្ភៈ កងកម្លាំងនគរបាលទាំងអស់បានខិតខំ យកអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុ ថែរក្សា ការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានបំពេញបេសកកម្មមួយនេះយ៉ាង សស្រាក់សស្រាំ មិនថាថ្ងៃ មិនថាយប់ ភ្លៀងព្យុះ ក្ដៅរងាយ៉ាងណា ក៏នៅតែមិនរុញរាឡើយ គឺដើម្បីធានាឲ្យបាននូវការចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩។

ស្របពេលនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ និងទទួលបានការចង្អុលដឹកនាំពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ហើយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសម្រេចផ្ដល់ជូនក្រុមគ្រូពេទ្យ របស់មន្ទីរសុខាភិបាលខេត្ត និងឧបករណ៍ សម្រាប់ធ្វើតេស្តរហ័ស (Rapid test) ដើម្បីធ្វើសំណាកដល់កងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម ដែលជាកងកម្លាំងជួរមុខ ហើយមានការប្រឈមខ្លាំងបំផុតនោះ បានធ្វើតេស្តស្វែងរកជំងឺកូវីដ-១៩ ក្នុងរូបភាពកាត់បន្ថយអ្នកឆ្លង ខិតខំរកវិធីព្យាបាលអ្នកជំងឺ និងកាត់បន្ថយអ្នកស្លាប់ រហូតឈានទៅដល់គ្មានអ្នកស្លាប់។

ជួសមុខឲ្យកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានគោរពថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំស្វែងរកប្រភព ថ្នាំវ៉ាក់សាំងការពារ ថ្នាំព្យាបាលគ្រប់ប្រភេទ ដែលមានប្រសិទ្ធភាព រៀបចំមណ្ឌលចត្តាឡីស័ក មន្ទីរពេទ្យព្យាបាលអ្នកជំងឺ បំពាក់សម្ភារៈឧបករណ៍ បរិក្ខារ ពេទ្យ ឲ្យបានគ្រប់គ្រាន់នៅតាមពេទ្យខេត្ត និងស្រុកហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម ដើម្បីចូលបម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងឧបករណ៍យកសំណាកតេស្តរហ័ស (Rapid test) ផងដែរ៕